កំពូលមហាសេដ្ឋី Bill Gates សន្យាផ្តល់ទឹកប្រាក់ ២០០ពាន់លានដុល្លារ ទៅក្នុងមូលនិធិសប្បុរសធម៌

អន្តរជាតិ

កំពូលមហាសេដ្ឋីអាមេរិក លោក Bill Gates បានសន្យាថាលោកនឹងបញ្ចេញទឹកប្រាក់ចំនួន ២០០ពាន់លានដុល្លារ តាមរយ:មូលនិធិសប្បុរសធម៌របស់ខ្លួន នៅត្រឹមចុងឆ្នាំ២០៤៥ ដោយផ្តោតសំខាន់លើការដោះស្រាយភាពក្រីក្រ និងជំងឺ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Bill Gates ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Microsoft បានប្រកាសកាលពីថ្ងៃទី៨ ខែឧសភាថា លោកគ្រោងនឹងលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ពោលគឺស្ទើតែទាំងស្រុង ដើម្បីផ្តល់ទៅកាន់មូលនិធិ Gates Foundation ហើយនឹងបិទវា ក្នុងរយ:ពេល ២០ឆ្នាំខាងមុខ។

គួរឲ្យដឹងថា យោងតាមទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណទ្រព្យសម្បត្តិរបស់លោក Gates មានចំនួនសរុបប្រមាណ ១១២ពាន់លានដុល្លារ ខណៈដែលសារព័ត៌មាននិយាយពីសេដ្ឋី Bloomberg ប៉ាន់ស្មានថាមានចំនួន ១៦៨ពាន់លានដុល្លារ។ ជាច្រើនឆ្នាំមកនេះ លោក Bill Gates បានសន្យាថានឹងលះបង់ទ្រព្យសម្បត្តិភាគច្រើនរបស់ខ្លួន តាមរយៈមូលនិធិសប្បុរសធម៌របស់គាត់។ ហើយកាលពីអំឡុងឆ្នាំ២០២២ លោកក៏ធ្លាប់បានបញ្ជាក់ផងដែរថា គោលដៅចុងក្រោយរបស់លោកគឺ ដកខ្លួនចេញពីបញ្ជីឈ្មោះអ្នកមានបំផុតរបស់ពិភពលោក។

ជម្រាបជូនផងដែរថា ចាប់តាំងពីការបង្កើតឡើងដំបូងក្នុងឆ្នាំ២០០០ មក មូលនិធិ Gates Foundation បានរួមចំណែកផ្តល់ជំនួយជាង ១០០ពាន់លានដុល្លាររួចមកហើយ ដើម្បីលុបបំបាត់ជំងឺ ភាពក្រីក្រ ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងពង្រីកលទ្ធភាពនូវការទទួលបានសុខភាព និងការអប់រំល្អ៕