ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានយល់ព្រមកាត់បន្ថយពន្ធគយលើរថយន្ត ដែក និងអាលុយមីញ៉ូមរបស់ចក្រភពអង់គ្លេស នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីចុងក្រោយមួយដែលបានគ្រោងទុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។
នៅក្រោមកិច្ចព្រមព្រៀងនេះ ចក្រភពអង់គ្លេស នឹងតម្រូវឲ្យមានការទិញចូលសសាច់គោ និងទំនិញអេតាណុលពីអាមេរិកបន្ថែមទៀត ស្របពេលអង់គ្លេស ក៏នឹងត្រូវកាត់បន្ថយ ឬលុបបំបាច់របាំងពន្ធគយរបស់ខ្លួនមួយចំនួន ដែលបង្កភាពអយុត្តិធម៌ដល់ទំនិញអាមេរិក ផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ចក្រភពអង់គ្លេស នឹងនៅតែរងនូវពន្ធមូលដ្ឋាន ១០% លើទំនិញនាំចូលអាមេរិកដដែល បើទោះបីជាខ្លួនបានឈានដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជនេះ ហើយក៏ដោយ។
ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយអំពីអត្រាពន្ធ ១០% ដែលបន្តដាក់លើទំនិញរបស់ចក្រភពអង់គ្លេសថា នោះជាចំនួនដ៏ទាបបំផុតមួយ បើធៀបទៅនឹងប្រទេសផ្សេងទៀត ដែលកំពុងប្រឈមមុខនឹងអត្រាពន្ធគយដ៏ខ្ពស់បំផុត នៅក្នុងកិច្ចព្រមព្រៀងរបស់ពួកគេ ដោយសារតែមានអតិរេកពាណិជ្ជកម្មខ្ពស់។
ជម្រាបជូនផងដែរថា បន្ទាប់ពីប្រកាសអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីនេះ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បាននិយាយថា៖ “យើងបានកសាងវេទិកា ដែលមិនគួរឲ្យជឿសម្រាប់អនាគត”។ ហើយដោយស្រដៀងគ្នាទៅនឹងលោក ត្រាំ ដែរ លោក Starmer ថែមទាំងបានហៅកិច្ចព្រមព្រៀងនេះថាល្អអស្ចារ្យ និងធ្វើឡើងជាប្រវត្តិសាស្រ្ត ថែមទៀតផង៕