កងទ័ពអាកាសអាមេរិក ថ្មីៗនេះបានបញ្ជាក់ថា ខ្លួនបានចាប់ផ្តើមបំលែងយន្តហោះ Boeing 747-8 ដែលផ្តល់ដោយប្រទេសកាតា ទៅជាយន្តហោះសម្រាប់ដឹកប្រធានាធិបតី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

អ្នកនាំពាក្យកងទ័ពអាកាសអាមេរិក បាននិយាយកាលពីថ្ងៃទី១៥ ខែកញ្ញាថា យន្តហោះដែលជាអំណោយពីប្រទេសកាតា នឹងត្រូវប្រើប្រាស់សម្រាប់គោលបំណនៃការគាំទ្រផ្នែកដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់ការធ្វើដំណើរបំពេញភារកិច្ចរបស់ប្រធានាធិបតី។
អ្នកនាំពាក្យរូបនេះ ក៏បានបន្ថែមឲ្យដឹងទៀតផងដែរថា ជុំវិញព័ត៌មានលម្អិតនៃការបំប្លែងយន្តហោះ Boeing 747-8 ក៏ដូចជាក្រុមហ៊ុនណាមួយដែលទទួលកិច្ចសន្យាដើម្បីអនុវត្តការងារនេះ កំពុងត្រូវបានរក្សាទុកជាសម្ងាត់នៅឡើយ។
យ៉ាងណាមិញ បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកពីមុន បានវាយតម្លៃថា ការជួសជុល និងការដំឡើងឧបករណ៍សន្តិសុខ និងទំនាក់ទំនងនៅលើយន្តហោះដែលផ្តល់ដោយប្រទេសមួយផ្សេងទៀត គឺជាកិច្ចការងារដ៏ស្មុគស្មាញមួយ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងសន្តិសុខរបស់សហរដ្ឋអាមេរិក នឹងត្រូវរុះរើយន្តហោះទាំងមូលចុះមកក្រោម ហើយផ្គុំវាឡើងវិញ ដើម្បីជៀសវាងហានិភ័យនៃការលេចធ្លាយព័ត៌មាន។
រដ្ឋមន្ត្រីទ័ពអាកាសអាមេរិក លោក Troy Meink ធ្លាប់បានប៉ាន់ប្រមាណក្នុងខែមិថុនាថា ការចំណាយលើការជួសជុលយន្តហោះនេះ អាចមានតម្លៃប្រហែល ៤០០លានដុល្លារ។
ជម្រាបជូនថា គ្រួសាររាជវង្សកាតាបានផ្តល់អំណោយដល់រដ្ឋបាលលោក ត្រាំ នូវយន្តហោះប្រណិត Boeing 747-8 ដែលត្រូវបានគេហៅថា “វិមានលើអាកាស” ហើយបានសង្កត់ធ្ងន់ថាវាអាចជាអំណោយថ្លៃបំផុតដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកមិនធ្លាប់ទទួលបានពីមុន។ យន្តហោះ Boeing 747-8 បច្ចុប្បន្នមានតម្លៃប្រហែល ៤០០លានដុល្លារ។ យន្តហោះម៉ូដែលនេះមានប្រវែងវែងជាងយន្តហោះ Air Force One បច្ចុប្បន្នជាង ៥ម៉ែត្រ៕

