លោក Andy Burnham ដែលត្រូវបានគេដាក់រហស្សនាមថា “ស្តេចនៃភាគខាងជើង” ឬ “King of the North” ត្រូវបានជ្រើសរើសជាមេដឹកនាំគណបក្សពលកម្មថ្មី ហើយអាចនឹងក្លាយជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសជាផ្លូវការក្នុងពេលឆាប់ៗនេះ ដោយជំនួសតំណែងរបស់លោក Keir Starmer។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោកស្រី Shabana Mahmood ប្រធានគណៈកម្មាធិការប្រតិបត្តិជាតិនៃគណបក្សពលកម្មបានប្រកាសនៅពេលថ្មីៗនេះថា លោក Andy Burnham ត្រូវបានជ្រើសរើសជាផ្លូវការហើយ ក្នុងនាមជាមេដឹកនាំគណបក្សពលកម្មថ្មី។
ជាមួយនឹងលទ្ធផលនេះ លោក Burnham អាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេស នៅថ្ងៃទី២០ ខែកក្កដានេះ ដោយជំនួសលោក Keir Starmer។ លោក Burnham នឹងជួបជាមួយព្រះមហាក្សត្រ Charles មុនពេលចូលកាន់តំណែងនៅក្នុងវិមាន 10 Downing Street។
យ៉ាងណាមិញ យោងតាមលោកស្រី Mahmood បាននិយាយថាការបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្សពលកម្មថ្មីនេះ “ស្ទើរតែគ្មានការភ្ញាក់ផ្អើល” អ្វីនោះទេ ដោយសារមានតែបេក្ខជនតែម្នាក់គត់ គឺលោក Burnham ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់រួចទៅហើយ។ លោកបានទទួលសម្លេងគាំទ្រសរុបចំនួន ៣៧៩ ក្នុងចំណោមសមាជិកសភាពលកម្មចំនួន ៤០៣ រូប ដែលលើសពីចំនួនអប្បបរមាចំនួន ៨១ រូបដែលត្រូវការដើម្បីឈ្នះការឈរឈ្មោះ។
គួរជម្រាបជូនថា ដោយថ្លែងបន្ទាប់ពីការបោះឆ្នោតជ្រើសរើសនេះ លោក Burnham បានសន្យាថានឹងស្តារ “ក្តីសង្ឃឹម” ឡើងវិញដល់ប្រជាជនអង់គ្លេស។ អនាគតនាយករដ្ឋមន្ត្រីថ្មីរូបនេះ ក៏បាននិយាយទៀតថា អាទិភាពរបស់លោកគឺការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅគ្រប់ទិសទីនៅក្នុងប្រទេស៕

