យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា រដ្ឋបាលរបស់ប្រធានាធីបតីលោក ដូណាល់ ត្រាំ គ្រោងនឹងទទួលយកយន្តហោះ Boeing 747-8 ដ៏ប្រណីតពីប្រទេសកាតា ដើម្បីប្រើជា Air Force One សម្រាប់ដឹកប្រធានាធីបតីអាមេរិក។
យោងតាមការចុះផ្យាយពីសារព័ត៌មាន ABC កាលពីថ្ងៃទី១១ ខែឧសភាកន្លងទៅ បានបង្ហាញឲ្យដឹងថា គ្រួសាររាជវង្សកាតា គ្រោងនឹងផ្តល់ជំអំណោយឲ្យរដ្ឋបាលលោក ត្រាំ នូវយន្តហោះ Boeing 747-8 ដ៏ប្រណីតមួយ ដែលត្រូវបានគេដាក់ឈ្មោះថា “flying palace” ហើយបានសង្កត់ធ្ងន់ទៀតថា នេះអាចជាអំណោយដ៏មានតម្លៃបំផុតដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក ធ្លាប់ទទួលបាន។ យន្តហោះ Boeing 747-8 បច្ចុប្បន្ននេះមានតម្លៃប្រហែល ៤០០លានដុល្លារ។
ប្រភពដែលដឹងអំពីបញ្ហានេះបាននិយាយទៀតថា យន្តហោះ Boeing 747-8 ដែលត្រូវប្រើជាអំណោយនេះ នឹងត្រូវបានកែលម្អជាពិសេស និងបំពាក់មកជាមួយឧបករណ៍ សម្រាប់បម្រើជា Air Force One ដើម្បីដឹកប្រធានាធិបតី។ បន្ទាប់ពីលោក ត្រាំ ចាកចេញពីតំណែង យន្តហោះនេះ ត្រូវបានគេរំពឹងថានឹងបរិច្ចាគទៅបណ្ណាល័យប្រធានាធិបតីរបស់លោក ត្រាំ។
ជម្រាបជូនផងដែរថា ជុំវិញផែនការបរិច្ចាគយន្តហោះនេះ ត្រូវបានគេរំពឹងទុកថានឹងត្រូវប្រកាសនៅក្នុងអំឡុងសប្តាហ៍នេះ ពោលគឺនៅពេលដែលប្រធានាធិបតីលោក ដូណាល់ ត្រាំ នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសមជ្ឈិមបូព៌ាចំនួនបី រួមទាំងប្រទេសកាតា ផងដែរ៕