កិច្ច​ចរចាពាណិជ្ជកម្មអាមេរិក-ចិន ទទួលបានផ្លែផ្កាលើសការរំពឹងទុក ក្រោយកិច្ចប្រជុំ ២ថ្ងៃ

អន្តរជាតិ

ក្រុមចរចាអាមេរិក បានឲ្យដឹងថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិន ហើយថែមទាំងបានបញ្ជាក់ទៀតថា ​ជំនួប​រយ:ពេល ២ថ្ងៃកន្លងមកនេះ ហាក់ទទួលបាន​ផ្លែ​ផ្កា​ខ្លាំងលើសពីការរំពឹងទុក ខណ:ព័ត៌មានលម្អិតនឹងត្រូវប្រកាស នៅថ្ងៃទី១២ ខែឧសភានេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងរតនាអាមេរិក លោក Scott Bessent បាននិយាយ កាលពីថ្ងៃទី១១ ខែឧសភាថា ប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេបំផុតទាំងពីររបស់ពិភពលោក បានធ្វើឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងអំឡុងពេលពីរថ្ងៃនៃការចរចា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងគោលបំណងធ្វើឲ្យសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរធូរស្រាលឡើងវិញ។

ទន្ទឹមនឹងនេះ លោក Bessent ហាក់មិនបានបង្ហាញពីព័ត៌មានលម្អិតបន្ថែមនោះទេ ហើយបាននិយាយថាព័ត៌មានលម្អិតនឹងត្រូវបានប្រកាសនៅថ្ងៃទី១២ ខែឧសភានេះ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះលទ្ធផលនៃកិច្ចចរចារបស់លោក Bessent ដោយនិយាយថាវា “មានផលិតភាពខ្លាំង” ។

ដោយឡែក តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ដែលបានចូលរួមជាមួយលោក Bessent ក្នុងកិច្ចពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ក៏មិនបាននិយាយដោយផ្ទាល់អំពីកិច្ចព្រមព្រៀងនេះផងដែរ ប៉ុន្តែបានសង្កត់ធ្ងន់ថា អាទិភាពកំពូលរបស់លោក ត្រាំ គឺចង់កាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិន ដែលបានកើនឡើងដល់ ២៦៣ពាន់លានដុល្លារកាលពីឆ្នាំមុន។

យោងតាមលោក Greer ការចរចារយ:ពេលពីរថ្ងៃរវាងសហរដ្ឋអាមេរិក និងចិនមានលក្ខណៈស្ថាបនា។ លោកបាននិយាយទៀតថា ការឯកភាពគ្នាយ៉ាងឆាប់រហ័សដែលសម្រេចបាន គឺបង្ហាញថាភាពខុសគ្នាប្រហែលជាមិនធំដូចអ្វីដែលធ្លាប់បានគិតទេ ស្របពេលលោកថែមទាំងបានវាយតម្លៃមន្រ្តីចិនថាជា “អ្នកចរចាដ៏ស្វិតស្វាញ” ផងដែរ។

មិនតែប៉ុណ្ណោះ យោងតាម​សារព័ត៌មានក្នុងស្រុកចិន Xinhua បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី​ចិន លោក He Lifeng បាន​វាយតម្លៃថា ការចរចានេះ​គឺមានភាព​ស៊ីជម្រៅ ស្មោះត្រង់ និង​ស្ថាបនា។ មន្ត្រីជាន់ខ្ពស់ចិនរូបនេះ ក៏បានបញ្ជាក់ផងដែរថា ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាសំខាន់ៗជាច្រើន ដោយបានយល់ព្រមបង្កើតយន្តការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្ម។

យោងតាមលោក He បាននិយាយទៀតថា សហរដ្ឋអាមេរិក និងចិននឹងបញ្ចប់សេចក្តីលម្អិតពាក់ព័ន្ធ នាពេលឆាប់ៗនេះ ហើយនឹងចេញសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី១២ ខែឧសភានេះផងដែរ៕