មេធំ Vingroup ក្លាយជាបុគ្គលវៀតណាមដំបូងគេបំផុត មានទ្រព្យក្នុងដៃជិត ១០ពាន់លានដុល្លារ

អន្តរជាតិ

ស្ថាបនិក និងជាប្រធានក្រុមហ៊ុនលំដាប់កំពូល Vingroup លោក Pham Nhat Vuong បានក្លាយជាជនជាតិវៀតណាមដំបូងគេបំផុត ដែលមានទ្រព្យសម្បត្តិសរុបចំនួន ៩ពាន់លានដុល្លារ ដោយផ្នែកតាមការចេញផ្សាយចុងក្រោយមួយរបស់ទស្សនាវដ្តី Forbes ថ្ងៃទី៨ ខែឧសភា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការកើនឡើងនៃទ្រព្យសម្បត្តិដ៏ច្រើលើសលប់នេះ បានធ្វើឲ្យលោក Vuong ជាប់នៅចំណាត់ថ្នាក់ទី ៣៣០ ក្នុងចំណោមបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅទូទាំងពិភពលោក។

គួរឲ្យដឹងថា ការកើនឡើងគួរឲ្យកត់សម្គាល់នៃទ្រព្យសម្បត្តិរបស់ Vuong នេះ គឺភាគច្រើនដោយសារតែការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនមេ Vingroup ដែលមានការហក់ឡើងឡើងយ៉ាងខ្លាំង បន្ទាប់ពីការអភិវឌ្ឍនាពេលថ្មីនេះ។

កត្តាសំខាន់សម្រាប់កំណើននេះ គឺបានមកពីការប្រកាសរបស់ Vinpearl ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏ធំមួយរបស់ Vingroup ទៅលើកាលបរិច្ឆេទចំពោះការបោះផ្សាយលក់ IPO របស់ខ្លួន។ ជាលទ្ធផល តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនមេ Vingroup បានកើនឡើងជាបន្តបន្ទាប់ ដោយឈានដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជិតបីឆ្នាំចុងក្រោយ គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២២ មក។

ជម្រាបជូនថា នៅក្នុងត្រីមាសទី១ ប្រាក់ចំណូលសុទ្ធរួមរបស់ក្រុមហ៊ុន Vingroup ឈានដល់ជាង ៨៤ទ្រីលានដុង ពោលគឺបានកើនឡើងគួរឲ្យកត់សម្គាល់ ២៨៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ហើយក្រុមហ៊ុនក៏សម្រេចបាននូវប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធ ដល់ចំនួន ២,២៤ទ្រីលានដុង ផងដែរ ពោលគឺបានកើនឡើង ៦៨% ធៀបទៅនឹងឆ្នាំមុន។ កំណើននេះ ត្រូវបានជំរុញដោយលទ្ធផលដ៏រឹងមាំនៅក្នុងវិស័យផលិតកម្មឧស្សាហកម្ម ក៏ដូចជាការអភិវឌ្ឍន៍អចលនទ្រព្យ និងការជួញដូរ ជាដើម៕