អាល្លឺម៉ង់ ឈប់ផ្សព្វផ្សាយជាសាធារណ:ជុំវិញព័ត៌មានផ្តល់ជំនួយយោធាដល់អ៊ុយក្រែន

អន្តរជាតិ

រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីពេលថ្មីៗនេះ បានបញ្ជាក់យ៉ាងច្បាស់ថាខ្លួននឹងបញ្ឈប់ការចេញផ្សាយព័ត៌មានលម្អិតផ្សេងៗនៃការផ្តល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ក្នុងគោលបំណងដើម្បីផ្តល់ភាពមិនច្បាស់លាស់ជាយុទ្ធសាស្រ្ត ចំពោះ​សត្រូវ​របស់អ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន ​Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អធិការបបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគៀវ កាលពីថ្ងៃទី១០ ខែឧសភាថា ៖”ក្រោមការដឹកនាំរបស់ខ្ញុំ ការពិភាក្សាជាសាធារណៈអំពីការផ្ទេរអាវុធ ឬព័ត៌មានអំពីប្រភេទគ្រាប់ ប្រព័ន្ធអាវុធ និងខ្លឹមសារស្រដៀងគ្នានេះ នឹងលែងបង្ហាញជាសាធារណៈទៀតហើយ” ។

យោងតាមសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងទៀតថា ជុំវិញការសម្រេចចិត្តនេះ មានបំណងជួយដល់អ៊ុយក្រែន ឲ្យសម្រេចបាននូវ “ភាពមិនច្បាស់លាស់ជាយុទ្ធសាស្រ្ត” ដែលធ្វើឲ្យវានឹងពិបាកសម្រាប់អ្នកវិភាគរបស់រុស្ស៊ី ក្នុងការប៉ាន់ស្មានឲ្យបានត្រឹមត្រូវនូវទំហំឃ្លាំងស្តុកទុកអាវុធ និងគ្រាប់រំសេវ​របស់អ៊ុយក្រែន។

ទន្ទឹមនឹងនេះ លោក Merz ដែលបានចូលកាន់តំណែងជាអធិការបបតីអាល្លឺម៉ង់ កាលពីថ្ងៃទី៦ ខែឧសភា បានបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទីក្រុងប៊ែរឡាំង ក្នុងការគាំទ្រទីក្រុងគៀវ ចំពេលមានសង្រ្គាម នឹងមិនផ្លាស់ប្តូរនោះទេ។ អធិការបតីអាល្លឺម៉ង់ថ្មីរូបនេះ បានប្រាប់ទៅកាន់មេដឹកនាំអឺរ៉ុប នៅឯកិច្ចប្រជុំនៅទីក្រុងគៀវថា ៖”អាល្លឺម៉ង់នឹងបន្តពង្រីកការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែនបន្ថែម។ ខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាក៏នឹងធ្វើដូចគ្នាដែរ” ។

ជម្រាបជូនថា អាឡឺម៉ង់គឺជាម្ចាស់ជំនួយយោធាកំពូលរបស់អ៊ុយក្រែន នៅអឺរ៉ុប។ រដ្ឋាភិបាលទីក្រុងប៊ែកឡាំង និងទីក្រុងឡុងដ៍ បានដឹកនាំបង្កើតក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន (UDCG) ក្នុងឆ្នាំ២០២២ ដើម្បីសម្របសម្រួលជំនួយសន្តិសុខដល់ទីក្រុងគៀវ។ នៅពាក់កណ្តាលខែមេសា UDCG បានអនុម័តលើកិច្ចសន្យាផ្តល់ជំនួយយោធាថ្មីៗ ដែលមានតម្លៃសរុបជាង ២៣,៨ពាន់លានដុល្លារ ដល់អ៊ុយក្រែន ដែលជាការកើនឡើងដល់ចំនួនកំណត់ត្រាមួយ៕