លោក ត្រាំ ទទូចឲ្យក្រុមហ៊ុន Apple ងាកមកផលិតក្នុងស្រុក ជាជាង​រើ​ទីតាំងទៅឥណ្ឌា

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បាននិយាយកាលពីថ្ងៃទី១៥ ខែឧសភាពថា លោកបានជំរុញឲ្យក្រុមហ៊ុន Apple ងាកមកផលិតផលិតផលរបស់ខ្លួន នៅក្នុងទឹកដីសហរដ្ឋអាមេរិកជំនួសឲ្យប្រទេសឥណ្ឌា បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សនេះ បានបង្ហើបពីផែនការរបស់ខ្លួន ថានឹងផ្លាស់ប្តូរទីតាំងផលិតពីចិន ទៅឥណ្ឌាវិញ ដោយសារផែនការពន្ធគយខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសតំបន់ឈូងសមុទ្រ​ លោក ត្រាំ បាននិយាយដោយសំដៅទៅលើនាយកប្រតិបត្តិរបស់ Apple ថា ៖” ខ្ញុំមានបញ្ហាតិចតួចជាមួយលោក Tim Cook។ កន្លងមកយើងបានបាត់បង់ប្រយោជន៍ច្រើន ចំពោះរោងចក្រដែលគាត់បានសាងសង់ នៅក្នុងប្រទេសចិន អស់ពេលជាច្រើនឆ្នាំមកហើយ”។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមទៀតថា ៖” យើងនឹងមិនចាប់អារម្មណ៍ទៅនឹងផែនការសាងសង់រោងចក្ររបស់អ្នកនៅក្នុងប្រទេសឥណ្ឌានោះឡើយ យើងគ្រាន់តែចង់ឲ្យអ្នកសាងសង់រោងចក្រនៅទីនេះ ហើយវានឹងបង្កើនផលិតកម្មបន្ថែមទៀត នៅក្នុងសហរដ្ឋអាមេរិក”។

រំឭកផងដែរថា កន្លងមកនាយកប្រតិបត្តិ Apple លោក Tim Cook តែងបង្ហាញពីផលប៉ះពាល់ចំពោះពន្ធគយរបស់អាមេរិក ដែលដាក់ទៅលើប្រទេសចិន ដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏យូររបស់ក្រុមហ៊ុនខ្លួន បើទោះបីជាមានការដកពន្ធជាបណ្តោះអាសន្នវិញ សម្រាប់ទំនិញបច្ចេកវិទ្យាកម្រិតខ្ពស់មួយចំនួន ដូចជាស្មាតហ្វូន និងកុំព្យូទ័រក៏ដោយ។

យ៉ាងណាមិញ នៅពេលបង្ហាញពីប្រាក់ចំណេញនៅត្រីមាសទី១ កាលពីដើមខែឧសភានេះ លោក Cook បានបង្ហាញក្តីរំពឹងថាទូរស័ព្ទ iPhone ភាគច្រើនដែលលក់នៅសហរដ្ឋអាមេរិក នឹងអាចត្រូវបានផលិតនៅក្នុងប្រទេសឥណ្ឌាជំនួសវិញ ដើម្បីគេចចេញពីសង្គ្រាមពន្ធគយរវាងអាមេរិក និងចិន៕