រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសបណ្តេញបុគ្គលិកវិទ្យុសម្លេងអាមេរិក (VOA) ជិត ៦០០ នាក់ ខណ:កន្លងមកទីភ្នាក់ងារសារព័ត៌មាននេះ តែងត្រូវបានរងការរិះគន់ខ្លាំងៗ ពីសំណាក់បក្សសាធារណរដ្ឋ ថាលម្អៀងប្រឆាំងទៅនឹងលោក ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។

ទីភ្នាក់ងារអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM) ដែលជាទីភ្នាក់ងារមេរបស់ VOA បានផ្ញើសេចក្តីជូនដំណឹងចុងក្រោយនេះ ទៅកាន់បុគ្គលិករបស់ខ្លួនដែលត្រូវបានបញ្ឈប់ ដោយស្នើសុំឲ្យពួកគេប្រគល់ប័ណ្ណការងារ និងទ្រព្យសម្បត្តិរបស់ VOA តាមកាលបរិច្ឆេទដែលបានកំណត់។
គួរឲ្យដឹងថា VOA ដែលត្រូវបានផ្តល់មូលនិធិដោយសហព័ន្ធ ត្រូវបានជូនដំណឹងថាបុគ្គលិកប្រមាណជិត ៦០០ នាក់ នឹងត្រូវកាត់បន្ថយ ឬស្មើទៅនឹងប្រហែលមួយភាគបីនៃបុគ្គលិកសរុបរបស់ទីភ្នាក់ងារ។ ហើយជុំវិញការកាត់បន្ថយនេះ ភាគច្រើនផ្តោតទៅលើបុគ្គលិកជាប់កិច្ចសន្យាបណ្តោះអាសន្ន រួមទាំងអ្នកកែសម្រួល អ្នករាយការណ៍ព័ត៌មាន អ្នករចនាក្រាហ្វិក និងបុគ្គលិករដ្ឋបាល ជាដើម។
នៅក្នុងលិខិតផ្ញើទៅកាន់បុគ្គលិក នាយក VOA លោក Michael Abramowitz បានសម្តែងការឈឺចិត្តខ្លាំង ដោយហៅការផ្លាស់ប្តូរនេះថា គឺជារឿងមិនអាចពន្យល់បាន និងថែមទាំងបាននិយាយទៀតថា ទីភ្នាក់ងារ USAGM ហាក់មិនបានផ្តល់ហេតុផលជាក់លាក់ណាមួយ សម្រាប់ការសម្រេចចិត្តនេះនោះទេ។
ជម្រាបជូនផងដែរថា នេះគឺជាការផ្លាស់ប្តូរចុងក្រោយបង្អស់នៅ VOA ចាប់តាំងពីប្រធានាធិបតី លោក ត្រាំ បានតែងតាំង លោក Kari Lake ជាទីប្រឹក្សាជាន់ខ្ពស់របស់ USAGM មក។ កាលពីខែមីនា លោក ត្រាំ ក៏បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយធ្វើការរៀបចំរចនាសម្ព័ន្ធឡើងវិញ នូវទីភ្នាក់ងារជាច្រើន រួមទាំង USAGM និងប្រព័ន្ធផ្សព្វផ្សាយពិភពលោកជាច្រើន ផងដែរ៕

