ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ បានប្រកាសថាខ្លួនគ្រោងនឹងបិទរោងចក្រដល់ទៅ ៧ នៅទូទាំងពិភពលោក ដើម្បីសន្សំសំចៃការចំណាយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលនេះ បានរាយការណ៍ឲ្យដឹងទៀតថា ដើម្បីពន្លឿនដល់ការរៀបចំរចនាសម្ពប័ន្ធឡើងវិញ Nissan បានប្រកាសពីផែនការក្នុងការកាត់បន្ថយចំនួនរោងចក្រផលិតនៅទាំងទាំងពិភពលោក ពីចំនួន ១៧ មកនៅត្រឹម ១០ ប៉ុណ្ណោះ ហើយថែមទាំងកាត់បន្ថយកម្លាំងពលកម្មសរុបរបស់ខ្លួនប្រហែល ១៥% ផងដែរ។
ក្រុមហ៊ុនផលិតរថយន្តធំជាងគេលំដាប់ទីបីរបស់ប្រទេសជប៉ុន កំពុងពិចារណាបិទរោងចក្រក្នុងស្រុកចំនួនពីរ ក្នុងចំណោមរោងចក្រទាំង៧ ដែលខ្លួនគ្រោងនឹងបិទ។ រោងចក្រមួយគឺរោងចក្រ Oppama ដែលបានដំណើរការតាំងពីឆ្នាំ១៩៦១ មក ដែលមានសមត្ថភាពផលិតរថយន្តប្រហែល ២៤០ ០០០ គ្រឿងក្នុងមួយឆ្នាំ និងមានកម្មករចំនួន ៣ ៩០០ នាក់។
ចំណែកឯករោងចក្រក្នុងស្រុកទីពីរដែលអាចបិទ គឺរោងចក្រ Shonan ដែលក្នុងនោះ Nissan មានភាគហ៊ុនគ្រប់គ្រងក្នុងដៃ ៥០% ។ រោងចក្រនេះគឺជាកន្លែងដែលមានជំនាញក្នុងការផលិតរថយន្តដឹកទំនិញដែលមានសមត្ថភាពផលិតរថយន្តសរុបប្រហែល ១៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ និងមានបុគ្គលិកប្រហែល ១ ២០០ នាក់។
យ៉ាងណាមិញ នៅក្រៅប្រទេស Nissan គ្រោងនឹងបញ្ឈប់ការផលិតនៅរោងចក្ររបស់ខ្លួន ក្នុងប្រទេសអាហ្វ្រិកខាងត្បូង ឥណ្ឌា និងអាហ្សង់ទីន ខណ:បើយោងតាមសារព័ត៌មាន Yomiuri បានរាយការណ៍ថា រោងចក្រពីរនៅម៉ិកស៊ិក ក៏កំពុងស្ថិតក្រោមការពិចារណាបិទផងដែរ។
Nissan បានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មានលម្អិតនៃផែនការបិទរោងចក្រទាំងនេះ នោះទេ។ ដោយក្រុមហ៊ុន គ្រាន់តែបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”យើងនឹងប្តេជ្ញារក្សាតម្លាភាពជាមួយភាគីពាក់ព័ន្ធរបស់យើង ហើយនឹងផ្តល់ព័ត៌មានថ្មីៗ នៅពេលឱកាសមកដល់” ។
ជម្រាបជូនផងដែរថា ការលក់នៅក្នុងឆ្នាំសារពើពន្ធ ២០២៤ របស់ក្រុមហ៊ុន Nissan ត្រូវបានគេរំពឹងថានឹងមានត្រឹមតែ ៣,៣ លានគ្រឿងប៉ុណ្ណោះ ពោលគឺបានធ្លាក់ចុះ ៤២% ធៀបនឹងឆ្នាំសារពើពន្ធ ២០១៧។ មិនត្រឹមតែប៉ុណ្ណោះ ការខាតបង់ប្រចាំឆ្នាំរបស់ក្រុមហ៊ុន បានហក់ឡើងដល់ចំនួនប្រមាណ ៤,៥ពាន់លានដុល្លារ៕

