យោងតាមរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានឈានដល់ការដកហូតអាជ្ញាប័ណ្ណពីសាកលវិទ្យាល័យលំដាប់កំពូល Harvard ពីការចុះឈ្មោះនិស្សិតបរទេស ដែលធ្វើឲ្យភាពតានតឹងរវាងរដ្ឋាភិបាល និងស្ថាប័ននេះ កាន់តែក្តៅគគុកឡើងបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
លោក Kristi Noem រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាមេរិក បានសរសេរនៅក្នុងលិខិតមួយ ទៅកាន់សាកលវិទ្យាល័យ Harvard កាលពីថ្ងៃទី២២ ខែឧសភាថា អាជ្ញាប័ណ្ណ Student and Exchange Visitor Program (SEVIP) របស់សាកលវិទ្យាល័យនេះ ត្រូវបានដកហូត ហើយមានប្រសិទ្ធភាពភ្លាមៗ ចាប់ពីពេលនេះ។ SEVIP គឺជាយន្តការមួយដែលអនុញ្ញតឲ្យសាកវិទ្យាល័យនៅសហរដ្ឋអាមេរិកជ្រើសរើស ចុះឈ្មោះ និងបណ្តុះបណ្តាលនិស្សិតបរទេសបាន ជាមួយនឹងទិដ្ឋការសិស្ស។
ជុំវិញការដាក់ចេញវិធានការចុងក្រោយនេះ លោកស្រី Noem បានបញ្ជាក់ឲ្យដឹងថា ដោយសារតែជាតែសាកលវិទ្យាល័យ Harvard ព្យាយាមបដិសេធម្តងហើយម្តងទៀត ក្នុងការផ្តល់ព័ត៌មានចំបាច់ ដល់ក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការញុះញង់ឲ្យមានអំពើហិង្សា និងការប្រឆាំងទៅនឹងជនជាតិជ្វីហ្វ។
ទន្ទឹមនឹងនេះ នាយកដ្ឋានសន្តិសុខមាតុភូមិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជុំវិញការដកហូតអាជ្ញាប័ណ្ណនេះ មានន័យថា Harvard នឹងមិនអាចទទួលយកនិស្សិតអន្តរជាតិបានទៀតទេ ហើយនិស្សិតអន្តរជាតិបច្ចុប្បន្នត្រូវតែចាកចេញ ឬបាត់បង់ឋានៈស្របច្បាប់របស់ពួកគេ។
ជម្រាបជូនថា ភាពតានតឹងរវាងសាកលវិទ្យា Harvard និងរដ្ឋបាលរបស់លោគ ត្រាំ បានកើនឡើង ចាប់តាំងពីចុងខែមីនាមក នៅពេលដែលក្រសួងអប់រំសហរដ្ឋអាមេរិកបានព្រមានថា ខ្លួននឹងវាយតម្លៃឡើងវិញនូវការផ្តល់ជំនួយចំនួន ៨,៧ពាន់លានដុល្លាររបស់ខ្លួន ដល់សាលាដ៏ល្បីល្បាញបំផុតមួយនេះ។ បើតាមស្ថិតិក្នុងឆ្នាំសិក្សា ២០២៤-២០២៥ សាកលវិទ្យាល័យ Harvard មាននិស្សិតអន្តរជាតិសរុបជិត ៦ ៨០០ នាក់ ដែលស្មើនឹងជាង ២៧% នៃនិស្សិតសរុបរបស់សាលា៕