ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងពន្យារពេល ជុំវិញការយកដាក់ពន្ធគយបន្ថែមដល់ ៥០% លើទំនិញរបស់សហភាពអឺរ៉ុប ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៩ ខែកក្កដា ដើម្បីសម្រួលដល់កិច្ចចរចា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សេចក្តីថ្លែងការណ៍ចុងក្រោយនេះ ត្រូវបានធ្វើឡើងដោយលោក ត្រាំ បន្ទាប់ពីបានពិភាក្សាតាមរយ:ទូរស័ព្ទជាមួយប្រធានគណ:កម្មការអឺរ៉ុប លោកស្រី Ursula von der Leyen កាលពីថ្ងៃអាទិត្យ។
រំឭកផងដែរថា ក្នុងការបង្ហោះសារមួយតាមរយ:ប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃទី២៣ ខែឧសភា លោក ត្រាំ បានគំរាមឲ្យមានការដាក់ពន្ធដល់ទៅ ៥០% លើសហភាពអឺរ៉ុប ចាប់ពីថ្ងៃទី១ ខែមិថុនា។ លោកបានសង្កត់ធ្ងន់ទៀតថា វិធានការដំឡើងពន្ធចុងក្រោយនេះ ត្រួវបានធ្វើឡើង គឺដោយសារតែសហភាពអឺរ៉ុប មានភាពពិចាកក្នុងការចរចាជាមួយពេក ហើយថែមទាំងទទូចទៀតថា កិច្ចចរចានេះមិនអាចដំណើរការទៅណាបាននោះឡើយ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានការហៅទូរស័ព្ទជាមួយលោកស្រី Von der Leyen ហាក់ដូចជាបន្ធូរបន្ថយភាពតានតឹងទាំងនេះវិញ។ ដោយលោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនភ្លាមៗ ថា ៖”ខ្ញុំបានយល់ពន្យារពេលយកពន្ធគយ ៥០% នេះ រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។ វាជាកិត្តិយសរបស់ខ្ញុំ ក្នុងការធ្វើដូច្នេះ” ។
ជាមួយគ្នានេះ លោកស្រី Von der Leyen ក៏បាននិយាយផងដែរថា EU និងសហរដ្ឋអាមេរិក បានចែករំលែកពីទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់ និងជិតស្និទ្ធបំផុតនៅក្នុងពិភពលោក។ លោកស្រី បន្តទៀតថា អឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីឆ្ពោះទៅមុខ ជាមួយនឹងការចរចារយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់បំផុត ដើម្បីអាចឈានដល់កិច្ចព្រមព្រៀងដ៏ល្អបំផុតមួយ៕

