Elon Musk រិះគន់ចំៗលើផែនការចំណាយដ៏ធំរបស់រដ្ឋបាល ត្រាំ ថាបានបំផ្លាញការងាររបស់ DOGE

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk កាលពីពេលថ្មីៗនេះ បានចេញមុខនិយាយរិះគន់ជាលើកដំបូង ជុំវិញទៅនឹងផែនការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ របស់រដ្ឋាភិបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ ថាជាការបំផ្លាញការងាររបស់ទីភ្នាក់ងារ DOGE ដែលខិតខំធ្វើការកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AOL។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងបទសម្ភាសជាមួយ CSB Sunday Morning លោក Musk បាននិយាយថា ៖” ខ្ញុំមានការខកចិត្តជាខ្លាំងដែលបានមើលឃើញពីវិក័យប័ត្រនៃចំណាយដ៏ធំ របស់រដ្ឋបាលលោក ត្រាំ នៅក្នុងពេលថ្មីចុងក្រោយនេះ។ និយាយដោយស្មោះត្រង់ទៅវាមិនត្រឹមតែជួយកាត់បន្ថយការចំណាយខ្ជះខ្ជាយទេ តែវានឹងធ្វើឲ្យខូចដល់ការងារដែលទីភ្នាក់ងារ DOGE កំពុងខិតខំប្រឹងប្រែងធ្វើការងារ ផងដែរ”។

គួរឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុនផលិរថយន្តអគ្គិសនី Tesla រូបនេះ បានខិតខំចំណាយពេលវេលាផ្ទាល់ខ្លួនយ៉ាងច្រើន ជាមួយការិយាល័យ DOGE ដើម្បីជួយសេតវិមានលើកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល និងលុបបំបាត់ការក្លែងបន្លំ និងការខ្ជះខ្ជាយក្នុងថវិកាសហព័ន្ធ។ ប៉ុន្តែទោះជាយ៉ាងណា ថ្មីៗនេះ លោក Musk បាននិយាយថាលោកកំពុងតែចាកចេញពីក្បាលម៉ាស៊ីនដឹកនាំរបស់ទីភ្នាក់ងារ DOGE នេះហើយ ដើម្បីងាកទៅផ្តោតលើអាជីវកម្មរបស់ខ្លួនវិញ។

កាលពីខែមុន លោក Musk បានប្រាប់អ្នកយកព័ត៌មានថាទីភ្នាក់ងារ DOGE របស់ខ្លួន បានជួយសន្សំទឹកប្រាក់ចំនួន ១៦០ពាន់លានដុល្លារក្នុងការចំណាយរបស់សហព័ន្ធ និងកាត់បន្ថយការងាររបស់រដ្ឋាភិបាលចំនួន ២០ ០០០ នាក់ ឬប្រហែល ១% នៃកម្លាំងការងារសរុបរបស់សហព័ន្ធ។

ជម្រាបជូនផងដែរថា លោក Musk បានប្រឈមមុខនឹងរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមវិនិយោគិន ឲ្យងាកមកចំណាយពេលវេលាបន្ថែមទៀតលើអាជីវកម្មរបស់លោកវិញ បន្ទាប់ពីការងារនៅក្នុងទីភ្នាក់ងារ DOGE បានបង្កឲ្យមានការធ្វើពហិការ និងការតវ៉ាប្រឆាំង យ៉ាងខ្លាំងទៅនឹងក្រុមហ៊ុន Tesla៕