យោងតាមសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា គោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើឲ្យអាជីវកម្មពិភពលោក មានការខាតបង់ច្រើនជាង ៣៤ពាន់លានដុល្លារ ដោយសារតែការបាត់បង់ប្រាក់ចំណូល និងការចំណាយកើនឡើង។
ជុំវិញតួលេខនេះ គឺត្រូវបានធ្វើឡើងដោយផ្នែកតាមការប៉ាន់ស្មានរបស់ Reuters ពាក់ព័ន្ធទៅនឹងរបាយការណ៍ហិរញ្ញវត្ថុ ឯកសារបទប្បញ្ញត្តិ និងតាមរយ:ការសម្ភាសរបស់ក្រុមហ៊ុននានា នៅប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបានបង្ហាញពីផលប៉ះពាល់យ៉ាងខ្លាំងពាក់ព័ន្ធទៅនឹងការចំណាយ ដោយសារតែឥទ្ធិពលពន្ធគយរបស់លោក ត្រាំ ដែលអាជីវកម្មសកលកំពុងទទួលរង។
ការបាត់បង់ច្រើនជាង ៣៤ពាន់លានដុល្លារនេះ គឺផ្នែកលើទិន្នន័យពីក្រុមហ៊ុនចំនួន ៣២ ដែលចុះបញ្ជីនៅក្នុងទីផ្សារហ៊ុនអាមេរិក S&P 500 ក៏ដូចជាក្រុមហ៊ុនចំនួន ៣ ដែលចុះបញ្ជីនៅផ្សារហ៊ុន STOXX 600 របស់អឺរ៉ុប និង ២១ នៅក្នុងផ្សារហ៊ុន Nikkei 225 របស់ប្រទេសជប៉ុន។ ប៉ុន្តែទន្ទឹមនឹងនេះ យោងតាមអ្នកវិភាគសេដ្ឋកិច្ច បាននិយាយថាការខាតបង់ជាក់ស្តែងសម្រាប់អាជីវកម្មសកល អាចមានចំនួនខ្ពស់ជាងអ្វីដែលពួកគេបានប្រកាសនេះទៅទៀត។
ទន្ទឹមនឹងនេះ លោកសាស្ត្រាចារ្យ Jeffrey Sonnenfeld ប្រចាំនៅសាលាគ្រប់គ្រង Yale បាននិយាយថា៖” ចំនួននៃការខាតបង់ដោយសារពន្ធគយនេះ អាចកើនឡើងទ្វេដង ឬច្រើនជាងបីដងនៃចំនួនបច្ចុប្បន្ន ហើយយើងនៅតែគិតថាទំហំនៃការខាតបង់គឺពិតជាធំជាងអ្វីដែលមនុស្សភាគច្រើនស្រមៃ”។
ជម្រាបជូនថា ភាពតានតឹងពាណិជ្ជកម្ម ជាពិសេសរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកទាំងពីរ សហរដ្ឋអាមេរិក និងចិន ហាក់បានធូរស្រាលឡើងវិញហើយនាពេលថ្មីៗនេះ ស្របពេលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានដកការគំរាមកំហែងដាក់ពន្ធបន្ថែមលើសហភាពអឺរ៉ុប ផងដែរ។ តែទោះជាយ៉ាងណាក៏ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មចុងក្រោយ រវាងភាគីទាំងពីរនៅតែមិនច្បាស់លាស់នៅឡើយ។
ជាមួយគ្នានេះ កាលពីថ្ងៃទី២៨ ខែឧសភា តុលាការអាមេរិក បានសម្រេចរារាំងផែនការរបស់ប្រធានាធិបតីអាមេរិក ជុំវិញការយកពន្ធទៅវិញទៅមក ដោយនិយាយថា លោក ត្រាំ បានធ្វើលើសពីសិទ្ធិអំណាចរបស់ខ្លួន៕