មហាសេដ្ឋី Elon Musk ច្រានចោលរឿងប្រើប្រាស់គ្រឿងញៀន អំឡុងយុទ្ធនាការលោក ត្រាំ

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk កាលពីពេលថ្មីៗនេះ បានចេញមុខបដិសេធជុំវិញព័ត៌មានដែលចុះផ្សាយថាលោកបានប្រើប្រាស់សារធាតុញៀន Ketamine និងថ្នាំដទៃទៀតកាលពីឆ្នាំមុន ខណៈពេលដែលលោក កំពុងធ្វើយុទ្ធនាការឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយនិយាយទៅកាន់អ្នកយកព័ត៌មានកាលពីថ្ងៃទី៣១ ខែឧសភា លោក Musk បានបញ្ជាក់ថា៖” ខ្ញុំឲ្យច្បាស់ទៅចុះ ខ្ញុំមិនបានប្រើប្រាស់គ្រឿងញៀននោះទេ ហើយអ្វីដែលកាសែត New York Times ចុះផ្សាយ សុទ្ធតែជារឿងកុហក។ ខ្ញុំធ្លាប់បានប្រើសារធាតុ ketamine កាលពីប៉ុន្មានឆ្នាំមុន។ វាធ្លាប់បានជួយខ្ញុំឲ្យគេចផុតពីភាពខ្មៅងងឹត ប៉ុន្តែខ្ញុំមិនបានប្រើវាទៀតនោះទេ ចាប់តាំងពីពេលនោះមក” ។

យ៉ាងណាមិញ ជុំវិញសេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកាសែត New York Times បានរាយការណ៍កាលពីថ្ងៃទី៣០ ខែឧសភាថា លោក Elon Musk បានប្រើសារធាតុ ketamine យ៉ាងច្រើន ក្នុងអំឡុងពេលដែលលោកមានបញ្ហាប្លោកនោម។ Ketamine គឺជាថ្នាំស្ពឹកម្យ៉ាងដែលប្រើប្រាស់ដើម្បីបំបាត់ការឈឺចាប់ ស្ពឹក និងកាត់បន្ថយភាពតានតឹង ហើយវាក៏ត្រូវបានគេរាប់​បញ្ចូល​ជាប្រភេទគ្រឿងញៀនមួយផងដែរ។

កាសែតអាមេរិកដដែលនេះ បាននិយាយទៀតថា ស្ថាបនិកក្រុមហ៊ុន Tesla រូបនេះ​ បានប្រើប្រាស់ ketamine ជាញឹកញាប់ ដោយអះអាងទៀតថា គេធ្លាប់ឃើញលោក កាន់ថ្នាំញៀនប្រភេទនេះ មួយប្រអប់ជាប្រចាំ កាលពីឆ្នាំមុន។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កាសែតនេះ មិនបានបញ្ជាក់ច្បាស់ថា តើលោក Musk នៅតែបន្តប្រើប្រាស់គ្រឿងញៀន អំឡុងពេលកំពុងដឹកនាំការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចូលកាន់តំណែង ឬយ៉ាងណានោះទេ។

ជម្រាបជូនផងដែរថា កាលពីដើមឆ្នាំ២០២៤ លោក Musk ធ្លាប់បាននិយាយថា លោកត្រូវបានចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោក ដើម្បីប្រើប្រាស់ សារធាតុ ketamine នេះ​ តិចតួចជារៀងរាល់ពីរសប្តាហ៍ម្តង ដើម្បីកាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត ដែលបណ្តាលមកពីហ្សែនរបស់លោក។ ប៉ុន្តែរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) មិនបានអនុម័តថ្នាំប្រភេទនេះ ដើម្បីព្យាបាលបញ្ហាសុខភាពផ្លូវចិត្តនោះទេ៕