ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនផលិតរថយន្តនៅសហរដ្ឋអាមេរិក រួមទាំងក្រុមហ៊ុន Tesla ផងនោះ ត្រូវតែផលិតរថយន្តទាំងស្រុង និងគ្រឿងបន្លាស់ទាំងអស់ នៅក្នុងប្រទេស ជំនួសឲ្យការផលិតគ្រឿងបន្លាស់នៅក្រៅប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការលើកឡើងរបស់លោក ត្រាំ បែបនេះ ត្រូវបានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯសេតវិមាន នាថ្ងៃចុងក្រោយរបស់នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk មុនពេលត្រូវដើរចេញពីតួនាទីជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក។
ក្នុងនោះ លោក ត្រាំ បានជំរុញឲ្យក្រុមហ៊ុនផលិតរថយន្តអាមេរិកទាំងអស់ រួមទាំង Tesla ត្រូវតែងាកមកផលិតរថយន្តទាំងស្រុង និងគ្រឿងបន្លាស់នៅក្នុងទឹកដីសហរដ្ឋអាមេរិក ជំនួសឲ្យការផលិតនៅក្រៅប្រទេស ដើម្បីឆ្លើយតបទៅនឹងសំណួរស្តីពីពន្ធដែលធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនរថយន្តអាមេរិកនានា ដូចជា Tesla ដែលតែងនាំចូលគ្រឿងបន្លាស់រថយន្តមកពីប្រទេសផ្សេងៗ។
ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក បាននិយាយថា នៅចុងបញ្ចប់លោក Musk នឹងងាកមកផលិតរថយន្តទាំងស្រុងនៅទីនេះវិញ។ ហើយក្រុមហ៊ុនផលិតរថយន្តអាមេរិកទាំងអស់ នឹងផលិតគ្រឿងបន្លាស់រថយន្តរបស់ពួកគេ នៅទីនេះផងដែរ។
រំឭកផងដែរថា រដ្ឋបាលរបស់លោក ត្រាំ នៅឆ្នាំនេះ បានដាក់ពន្ធ ២៥% លើរថយន្តនាំចូល និងគ្រឿងបន្លាស់រថយន្តពីក្រៅប្រទេស ដែលបានធ្វើឲ្យឧស្សាហកម្មរថយន្ត បាននិយាយថាវិធានការនេះនឹងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងធ្វើឲ្យរថយន្តឡើងថ្លៃខ្លាំង។
ជម្រាបជូនថា ស្របពេលក្រុមហ៊ុនផលិតរថយន្តជាច្រើនរបស់សហរដ្ឋអាមេរិក បាននាំចូលរថយន្តផលិតនៅក្រៅប្រទេស មកកាន់ទឹកដីសហរដ្ឋអាមេរិក ក្រុមហ៊ុន Tesla បានផលិតរថយន្តអគ្គិសនីរបស់ខ្លួន នៅក្នុងប្រទេស ប៉ុន្តែគ្រឿងបន្លាស់សំខាន់ៗជាច្រើន ត្រូវបាននាំចូលពីប្រទេសផ្សេង៕

