មហាសេដ្ឋី Bill Gates ថាទ្រព្យសម្បត្តិ ២០០ពាន់ដុល្លាររបស់ខ្លួន ភាគច្រើននឹង​បរិច្ចាគ​ជូនប្រជាជននៅអាហ្រ្វិក

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates កាលពីពេលថ្មីៗនេះ បាននិយាយថា ទ្រព្យសម្បត្តិភាគច្រើនរបស់លោក នឹងត្រូវផ្តល់ជូនទៅលើការកែលម្អសេវាសុខភាព និងការអប់រំ នៅទ្វីបអាហ្រ្វិក ក្នុងរយ:ពេល ២០ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ជុំវិញការលើកឡើងនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមហាសេដ្ឋី Bill Gates បានប្រកាសកាលពីខែមុនថាលោកនឹងបរិច្ចាគ ៩៩% នៃទ្រព្យសម្បត្តិដែលមានចំនួនសរុបប្រមាណ ២០០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៤៥ ដែលជាពេលមូលនិធិ​សប្បុរសធម៌​របស់លោក គ្រោងនឹងត្រូវបិទបញ្ចប់ប្រតិបត្តិការ។

ទន្ទឹមនឹងនេះ ដោយបាននិយាយនៅក្នុងសុន្ទរកថាមួយ នៅឯទីស្នាក់ការកណ្តាលសហភាពអាហ្វ្រិក (AU) ក្នុងរដ្ឋធានី Addis Ababa របស់ប្រទេសអេត្យូពី លោក Bill Gatesបានលើកឡើងថា ៖”ថ្មីៗនេះខ្ញុំបានធ្វើការប្តេជ្ញាចិត្តថា ទ្រព្យសម្បត្តិរបស់ខ្ញុំស្ទើតែទាំងស្រុងនឹងត្រូវបរិច្ចាគ ក្នុងរយៈពេល ២០ឆ្នាំខាងមុខ”។

បុរសវ័យ ៦៩ឆ្នាំរូបនេះ សង្កត់ធ្ងន់ទៀតថា មួយចំនួនធំនៃទ្រព្យសម្បត្តិសរុបរបស់លោកទាំងនោះ នឹងត្រូវផ្តល់ជូនទៅលើការលើកកម្ពស់សេវាសុខភាព និងការអប់រំ នៅគ្រប់ប្រទេសទាំងអស់ នៅក្នុងទ្វីបអាហ្រ្វិក ។

ជម្រាបជូនផងដែរថា ការប្រកាស់របស់លោក Gates នេះ ត្រូវបានធ្វើឡើង ចំពេលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានកាត់បន្ថយជំនួយដល់ទ្វីបអាហ្រ្វិក រួមទាំងកម្មវិធីព្យាបាលអ្នកផ្ទុកមេរោគអេដស៍ ដែលជាផ្នែកមួយនៃគោលនយោបាយ “America First” របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបង្កើនឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអនាគតនៃការថែទាំសុខភាព នៅក្នុងទ្វីបនេះ៕