សហរដ្ឋអាមេរិក ចាប់ផ្តើមដាក់ពន្ធនាំចូល ៥០% លើអាលុយមីញ៉ូម និងដែក

អន្តរជាតិ

អាលុយមីញ៉ូម និងដែកថែប ដែលនាំចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក នឹងត្រូវរងនូវពន្ធគយរហូតដល់ ៥០% ចាប់ពីថ្ងៃទី៤ ខែមិថុនា តទៅ ពោលគឺដូចអ្វីដែលបានប្រកាសដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក Kevin Hassett បាននិយាយនៅក្នុងសន្និសីទឧស្សាហកម្មដែក ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី៣ ខែមិថុនាថា ៖”ដំបូងឡើយ យើងបានចាប់ផ្តើមជាមួយនឹងពន្ធគយ ២៥% ។ ប៉ុន្តែបន្ទាប់ពីមើលទិន្នន័យ យើងដឹងថាវាមានប្រសិទ្ធភាព ប៉ុន្តែមិនទាន់គ្រប់គ្រាន់នៅឡើយទេ”។

រំឭកផងដែរថា លោក ត្រាំ បានប្រកាសអំពីការដំឡើងពន្ធគយថ្មីនេះ នៅឯរោងចក្រ Irvin Works របស់ក្រុមហ៊ុន US Steel រដ្ឋ Pennsylvania ដោយបានពន្យល់ថា ៖”យើងនឹងដំឡើងពន្ធលើដែកថែបដែលនាំចូលមកសហរដ្ឋអាមេរិកពី ២៥% ទៅ ៥០% ។ ដោយនេះនឹងជួយការពារឧស្សាហកម្មដែកថែបក្នុងស្រុករបស់យើង ឲ្យកាន់តែប្រសើរឡើង” ។

គួរឲ្យដឹងថា ពន្ធគយថ្មីនេះអនុវត្តចំពោះដៃគូពាណិជ្ជកម្មអាមេរិកទាំងអស់ លើកលែងតែចក្រភពអង់គ្លេស ដែលជាប្រទេសតែមួយគត់ដែលបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មបឋមជាមួយសហរដ្ឋអាមេរិកលើរនាំងពន្ធគយនាំចូល។ អាលុយមីញ៉ូម និងដែកថែបរបស់អង់គ្លេស នឹងនៅតែជាប់ពន្ធ ២៥% ដដែល រហូតដល់ថ្ងៃទី៩ ខែកក្កដា។

ជម្រាបជូនផងដែរថា បច្ចុប្បន្ននេះ ប្រហែល ២៥% នៃដែកថែបដែលប្រើប្រាស់ នៅក្នុងដីសហរដ្ឋអាមេរិក ត្រូវបាននាំចូល។ ទន្ទឹមនឹងនេះ តួលេខរបស់រដ្ឋាភិបាលបង្ហាញថា ការដំឡើងពន្ធគយថ្មីចុងក្រោយនេះ នឹងបន្តប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសកាណាដា និងម៉ិកស៊ិក ដែលជាអ្នកនាំចេញដែកថែបធំជាងគេលំដាប់ទី១ និងទី៣ មកកាន់សហរដ្ឋអាមេរិក៕