ចិន ត្រៀមកញ្ចប់លុយដុំជិត ៣០០ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ការកសាង AI ទូទាំងប្រទេស

អន្តរជាតិ

ប្រទេសចិន កំពុងរៀបចំចំណាយទឹកប្រាក់រហូតទៅដល់ ២ទ្រីលានយ៉ន់ (២៩៥ពាន់លានដុល្លារ) ក្នុងរយៈពេល ៥ឆ្នាំខាងមុខ លើការសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅទូទាំងប្រទេស ខណៈពេលដែលទីក្រុងប៉េកាំងកំពុងសម្លឹងរកមើលការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក នៅក្នុងការប្រណាំប្រជែង AI កាន់តែខ្លាំងឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បាននិយាយទៀតថា គណៈកម្មការអភិវឌ្ឍ និងកំណែទម្រង់ជាតិ រួមជាមួយទីភ្នាក់ងាររដ្ឋាភិបាលសំខាន់ៗមួយចំនួនទៀត កំពុងរៀបចំផែនការមេ ដើម្បីសាងសង់បណ្តាញមជ្ឈមណ្ឌលកុំព្យូទ័រដែលតភ្ជាប់គ្នានៅទូទាំងប្រទេស។

ជុំវិញផែនការគោលនយោបាយថ្មី ដែលមានរយៈពេលប្រាំឆ្នាំរបស់ប្រទេសចិននេះ បានបង្ហាញនូវមហិច្ឆតារបស់ខ្លួន ក្នុងការទទួលយកបច្ចេកវិទ្យា AI យ៉ាងសកម្មនៅទូទាំងប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក និងគ្របដណ្ដប់លើបច្ចេកវិទ្យាដែលកំពុងលេចធ្លោផ្សេងទៀត ដូចជា Quantum Computing និងមនុស្សយន្តដែលមានរូបរាងដូចមនុស្ស។

គួរជម្រាបជូនផងដែរថា ផែនការចុងក្រោយរបស់ចិននេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងចំណាយទឹកប្រាក់ជាង ៧០០ពាន់លានដុល្លារនៅឆ្នាំនេះ ដើម្បីផ្តល់មូលនិធិដល់ផែនការសាងសង់ AI របស់ពួកគេ៕​