មហាសេដ្ឋីទូទាំងពិភពលោក​ ហក់ឡើងដល់ ២៣,៤លាននាក់ ក្តាប់ទ្រព្យសម្បត្តិសរុបជិត ៩០ទ្រីលានដុល្លារ

អន្តរជាតិ

ចំនួនមហាសេដ្ឋីសរុបនៅទូទាំងពិភពលោក ត្រូវបានគេមើលឃើញថាមានការកើនឡើងគួរឲ្យកត់សម្គាល់ កាលពីឆ្នាំមុន ដែលត្រូវបានជំរុញដោយកំណើនទីផ្សារភាគហ៊ុនដ៏រឹងមាំ បើទោះបីជាមានភាពចលាចលផ្នែកសេដ្ឋកិច្ចក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រុមហ៊ុនផ្តល់សេវាព័ត៌មានវិទ្យា និងផ្តល់ការប្រឹក្សា Capgemini បានបង្ហាញឲ្យដឹងថា ចំនួនមហាសេដ្ឋីសរុបនៅលើពិភពលោក បានកើនឡើងដល់ចំនួនកំណត់ត្រាថ្មី ២៣,៤ លាននាក់ ពោលគឺបានកើនឡើង ២,៦% បើធៀបទៅនឹងឆ្នាំ២០២៣។

ប្រភពដដែលនេះ ក៏បានបង្ហាញឲ្យដឹងទៀតថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនៅទូទាំងពិភពលោក កាលពីឆ្នាំមុន គឺមានចំនួនសរុបរហូតដល់ទៅ ៩០,៤៧ទ្រីលានដុល្លារ ពោលគឺបានកើនឡើង ៤,២% ធៀបទៅនឹងឆ្នាំ២០២៣។

ជម្រាបជូនផងដែរថា ក្នុងចំណោមនោះ សហរដ្ឋអាមេរិក បានមើលឃើញពីការកើនឡើងបន្ថែមនៃចំនួនមហាសេដ្ឋីដល់ ៥៦២ ០០០ នាក់ ដែលជាការកើនឡើង ៧,៦% ខណ:ប្រទេសជប៉ុន បានបន្ថែមចំនួនមហាសេដ្ឋីថ្មីៗ ២១០ ០០០ នាក់ និងឥណ្ឌា ២០ ០០០ នាក់ ដែលជាកើនឡើង ៥,៦%។ ប៉ុន្តែទន្ទឹមនឹងនោះ ប្រទេសចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតទី២ លើលោក ​បែរជាបានមើលឃើញចំនួនមហាសេដ្ឋីធ្លាក់ចុះអស់ ១% ទៅវិញ៕