លោក ត្រាំ ព្រមាន Elon Musk ពីផលវិបាក បើ​ហ៊ាន​ងាកទៅគាំទ្របក្សប្រជាធិបតេយ្យ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពេលថ្មីៗនេះ បានបង្ហាញការយល់ឃើញថាទំនាក់ទំនងរវាងលោកជាមួយ Elon Musk បានដើរដល់ផ្លូវបញ្ចប់ហើយ និងថែមទាំងបានព្រមានមហាសេដ្ឋីអាមេរិករូបនេះទៀតថា អាចនឹងជួបផលវិបាកធ្ងន់ធ្ងរ បើសិនហ៊ានងាកទៅគាំទ្រគណបក្សប្រជាធិបតេយ្យ ដែលជាគូប្រជែងនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី៧ ខែមិថុនា លោក ត្រាំ បានសង្កត់ធ្ងន់ថា លោកគ្មានចេតនាចង់កែប្រែទំនាក់ទំនង ឬនិយាយអំពីអតីតសម្ព័ន្ធមិត្តរបស់លោករូបនេះទៀតនោះឡើយ ហើយថែមទាំងបានព្រមានអំពីផលវិបាកធ្ងន់ធ្ងរ បើសិនលោក Musk ងាកទៅផ្តល់មូលនិធិដើម្បីគាំទ្រដល់បេក្ខជន មកពីបក្សប្រជាធិបតេយ្យ ដើម្បីឈរឈ្មោះប្រឆាំងទៅនឹងសមាជិកមកពីបក្សសាធារណរដ្ឋរបស់លោក ត្រាំនោះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ មិនបានបញ្ជាក់ច្បាស់លាស់ថា តើផលវិបាកទាំងនោះអាចជាអ្វីនៅឡើយនោះទេ។ ប៉ុន្តែកន្លងមក មានសារព័ត៌មានធំៗជាច្រើននិយាយថា ប្រធានាធិបតីរូបនេះ កំពុងពិចារណាលើការបញ្ចប់កិច្ចសន្យារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជាមួយក្រុមហ៊ុនធំៗរបស់លោក Musk ដូចជា StarLink និង SpaceX ជាដើម។

ជម្រាបជូនផងដែរថា លោកត្រាំ និង Musk បានចាប់ផ្តើមមានជម្លោះពាក្យសម្តីយ៉ាងក្តៅគគុក នៅលើបណ្តាញសង្គម តាំងពីថ្ងៃទី៣ ខែមិថុនា មកនៅពេលដែល Musk បានបង្ហាញការរិះគន់ចំៗទៅលើផែនការនៃការចំណាយដ៏ច្រើនរបស់រដ្ឋបាលលោក ត្រាំ។ ហើយជាការឆ្លើយតបវិញ លោក ត្រាំ បានហៅលោក​ Musk ថាជាមនុស្សឆ្កួត ក៏ព្រោះតែផែនការនៃការចំណាយទាំងនេះ សុទ្ធសឹងតែអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់ក្រុមហ៊ុនរបស់មហាសេដ្ឋីរូបនេះ៕