លោក ត្រាំ សន្យាផ្តល់លុយជូនពលរដ្ឋអាមេរិកម្នាក់ៗ ២ ០០០ដុល្លារ ដែលទទួលបានពីពន្ធ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសថាលោកនឹងផ្តល់ប្រាក់ចំនួន ២ ០០០ដុល្លារ សម្រាប់ពលរដ្ឋអាមេរិកម្នាក់ៗ ដែលទទួលបានពីប្រាក់ចំណេញនៃគោលនយោបាយពន្ធគយរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយបង្ហោះនៅលើបណ្តាញសង្គម Truth Social របស់ខ្លួន កាលពីថ្ងៃទី៩ ខែវិច្ឆិកាកន្លងទៅនេះ លោក ត្រាំ បានសរសេរថា៖” យ៉ាងណាស់ណាស់ប្រាក់ភាគលាភចំនួន ២ ០០០ដុល្លារ ទៅនឹងត្រូវបង់ទៅឲ្យពលរដ្ឋគ្រប់រូប លើកលែងតែអ្នករកបានចំណូលខ្ពស់ប៉ុណ្ណោះ”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ ហាក់មិនបានបញ្ជាក់ពីលក្ខខណ្ឌច្បាស់លាស់នៃការទូទាត់ ឬពេលណាដែលការផ្តល់ជូននេះ ត្រូវធ្វើឡើងនៅឡើយនោះទេ។

យ៉ាងណាមិញ នៅក្នុង​សារ​មួយ​ចុះ​នៅថ្ងៃទី៩ ខែវិច្ឆិកា លោក ត្រាំ បាន​បន្ថែមថា ពន្ធ​បាននាំមក​នូវ​ប្រាក់ចំណូល​រាប់​ពាន់​លាន​ដុល្លារ ខណៈលោក​ថែមទាំងបាន​អះអាងទៀតថា ពន្ធ​មិនមែនជាអតិផរណានោះទេ ហើយ​បាន​រិះគន់​អ្នក​ដែល​ប្រឆាំង​នឹង​ពន្ធ​នេះថា​ជាមនុស្ស​ល្ងង់ ថែមទៀតផង។

ជម្រាបជូនថា យោងតាម​គណៈកម្មាធិការ​សម្រាប់​ថវិកា​សហព័ន្ធ​ដែលមាន​ការទទួលខុសត្រូវ (CRFB) បង្ហាញឲ្យដឹឹងថា សហរដ្ឋអាមេរិក​បាន​ប្រមូល​ពន្ធ​នាំចូល​ប្រហែល ១៥១ពាន់​លាន​ដុល្លារគិត​ចាប់ពី​ខែមេសា​ដល់​ខែតុលា ដែលក្នុងនោះ​ប្រហែល ៩០ពាន់​លាន​ដុល្លារ​ រកបានមកពី​វិធានការពន្ធ​ថ្មី​របស់លោក ត្រាំ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Scott Bessentបាន​និយាយទៀតថា សហរដ្ឋអាមេរិក​អាចនឹង​ប្រមូល​ពន្ធ​ប្រហែល ៥០០ពាន់​លាន​ដុល្លារ ឬ​ច្រើនជាង​នេះ​ ជា​រៀងរាល់ឆ្នាំ៕​