លោក ត្រាំ ថាចិន នឹងចាប់ផ្តើមនាំចេញរ៉ែកម្រទៅកាន់អាមេរិកវិញ ក្រោយផ្អាកអស់ជិត ២ខែ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា មេដឹកនាំរបស់ប្រទេសចិន បានយល់ព្រមក្នុងការបន្តនាំចេញធនធានរ៉ែកម្ររបស់ខ្លួន ទៅកាន់សហរដ្ឋអាមេរិកវិញហើយ បន្ទាប់ពីមានការរឹតបន្តឹងអស់រយ:ពេលជិត ២ខែ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី៦ ខែមិថុនា នៅលើយន្តហោះ Air Force One ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេសួរនាំថា តើប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងយល់ព្រមបន្តលក់វត្ថុធាតុកម្រ និងរ៉ែកម្រ ទៅឲ្យអាមេរិកទៀតទេ។ ស្របពេលជាមួយគ្នានោះ លោក ត្រាំ បានឆ្លើយតបវិញថា ៖”ពិតមែនហើយ វានឹងត្រូវបន្តឡើងវិញ។ យើងមានកិច្ចព្រមព្រៀងយ៉ាងរលូនជាមួយប្រទេសចិន” ។

ជុំវិញការអត្ថាធិប្បាយនេះ ត្រូវបានធ្វើឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការហៅទូរស័ព្ទដ៏កម្រមួយរវាងលោក ត្រាំ និងលោក ស៊ី ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ បន្ទាប់ពីការហៅទូរសព្ទនេះចប់ លោក ត្រាំ ក៏បាននិយាយផងដែរថា ការសន្ទនានេះគឺ មានភាពវិជ្ជមានខ្លាំង ជាពិសេសទាក់ទងនឹងធនធានរ៉ែកម្រ។

គួរឲ្យដឹងថា ធនធានរ៉ែកម្រគឺជាវត្ថុធាតុដ៏សំខាន់ៗដែលប្រើប្រាស់ក្នុងអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីរថយន្ត បន្ទះឈីប រហូតដល់ឧបករណ៍យោធា។ ប្រទេសចិនមានចំណែក ៩០% នៃការផ្គត់ផ្គង់ធនធានរ៉ែកម្រសរុបរបស់ពិភពលោក។

ជម្រាបជូនផងដែរថា កាលពីខែមេសា ប្រទេសចិនបានប្រកាសថា ខ្លួននឹងរឹតបន្តឹងលើការនាំចេញរ៉ែកម្រៗចំនួនប្រាំពីរប្រភេទ ដើម្បីឆ្លើយតបទៅនឹងផែនការពន្ធនាំចូលរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែយ៉ាងណា កាលពីខែមុន រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងទាំងនេះវិញ ដោយបានអនុម័តលើអាជ្ញាប័ណ្ណនាំចេញប្រភេទរ៉ែកម្រមួយចំនួន ឡើងវិញ៕