ប្រធានាធិបតិអាមេរិក លោក ដូណាល់ ត្រាំ ចង់ផ្តល់គណនីវិនិយោគតម្លៃ ១ ០០០ដុល្លារ សម្រាប់ទារកគ្រប់គ្រងដែលទើបកើតនៅក្នុងទឹកដីសហរដ្ឋអាមេរិក ចន្លោះឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ ក្រោមកម្មវិធីមួយ ដើម្បីផ្លាស់ប្តូរជីវិតរបស់ពលរដ្ឋជាកម្មករ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។
ប្រធានាធិបតីអាមេរិក លោក ត្រាំ កាលពីថ្ងៃទី៩ ខែមិថុនា បានធ្វើជាប្រធាននៃកិច្ចប្រជុំដ៏ធំមួយឈ្មោះថា “Invest in America” នៅសេតវិមាន ដើម្បីណែនាំពីគម្រោងក្នុងការរបញ្ចេញកញ្ចប់ថវិកាដ៏ធំរបស់គណបក្សសាធារណរដ្ឋ គឺការផ្តល់ជូនដល់ទារកទើបនឹងកើតគ្រប់រូបនៅក្នុងសហរដ្ឋអាមេរិក ជាមួយនឹងគណនីវិនិយោគដែលមានតម្លៃ ១ ០០០ដុល្លារ។
គួរឲ្យដឹងថាគណនីនេះ ត្រូវបានគេហៅថា “គណនីត្រាំ” ដែលនឹងត្រូវបានបង្កើតឡើងសម្រាប់កូនៗរបស់ពលរដ្ឋអាមេរិកទាំងអស់ ដែលកើតនៅចន្លោះខែមករា ឆ្នាំ២០២៥ ដល់ខែមករា ឆ្នាំ២០២៩ ដែលត្រូវបានអនុម័តដោយសភាតំណាងរាស្រ្ត និងកំពុងបន្តរង់ចាំការអនុម័ត នៅក្នុងព្រឹទ្ធសភា។
យ៉ាងណាមិញ ចំពោះទឹកប្រាក់ចំនួន ១ ០០០ដុល្លារ ដែលផ្តល់ឲ្យពីថវិកាជាតិនេះ នឹងត្រូវវិនិយោគនៅក្នុងមូលនិធិសន្ទស្សន៍ ដែលភ្ជាប់ទៅនឹងទីផ្សារភាគហ៊ុន និងគ្រប់គ្រងដោយអាណាព្យាបាលស្របច្បាប់របស់កុមារ។ អាណាព្យាបាល ឬអង្គការឯកជនផ្សេងទៀត ក៏នៅតែអាចបន្តបរិច្ចាគរហូតដល់ ៥ ០០០ដុល្លារក្នុងមួយឆ្នាំ ទៅក្នុងគណនីនេះ សម្រាប់ពេញមួយជីវិតរបស់កុមារបាន ផងដែរ។
មិនតែប៉ុណ្ណោះ ប្រធានសភាលោក Mike Johnson បាននិយាយថាគណនីត្រាំនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចជាច្រើន រួមទាំងការបង្កើនប្រាក់ឈ្នួលក្នុងផ្ទះ សម្រាប់គ្រួសារ និងកាត់បន្ថយការចំណាយសម្រាប់អាជីវកម្មខ្នាតតូច ទៀតផង៕