យោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth បាននិយាយថា មន្ទីរបញ្ចកោណ នឹងកាត់បន្ថយការផ្តល់ជំនួយយោធាទៅឲ្យអ៊ុយក្រែន នៅក្នុងអំឡុងពេលស្នើសុំកញ្ចប់ថវិកា នាពេលខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិករូបនេះ បានថ្លែងទៅចំពោះមុខគណ:កម្មាធិការរដ្ឋសភាទទួលបន្ទុកថវិកា កាលពីថ្ងៃទី១០ ខែមិថុនាថា នឹងមានការកាត់បន្ថយកញ្ចប់ថវិកា ជាពិសេសលើការផ្តល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន។
ជុំវិញការស្នើកាត់បន្ថយជំនួយនេះ លោក Hegseth បានពន្យល់ថា រដ្ឋបាលរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ មានទស្សន:ខុសគ្នាអំពីជម្លោះនេះ ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកដំណោះស្រាយដោយសន្តិវិធីល្អបំផុត ដើម្បីបញ្ចប់ភ្លើងសង្គ្រាម។
តែទោះជាយ៉ាងណាក៏ដោយ លោក Hegseth ហាក់មិនបានបង្ហាញពីព័ត៌មានលម្អិតអំពីទំហំនៃការកាត់បន្ថយយោធានាដល់អ៊ុយក្រែននោះទេ។ ហើយជាមួយគ្នានេះ មន្ទីរបញ្ចកោណ ក៏នៅមិនទាន់បានចេញផ្សាយឯកសារពេញលេញណាមួយស្តីពីសំណើថវិកាសម្រាប់ឆ្នាំ២០២៦ របស់ខ្លួន ផងដែរ។
គួរឲ្យដឹងថា ការប្រកាសរបស់លោក Hegseth អំពីការកាត់បន្ថយថវិកាជំនួយនេះ ត្រូវធ្វើឡើងនៅពេលដែលកងកម្លាំងរុស្ស៊ី កំពុងបង្កើនការវាយប្រហារតាមអាកាសទៅលើទីក្រុងនានារបស់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជំរុញឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនផ្តល់ប្រព័ន្ធការពារដែនអាកាសសំខាន់ៗ ដល់ទីក្រុងកៀវ តាមរយៈការទិញដោយផ្ទាល់ជាជាងការផ្តល់ជំនួយ។
ជម្រាបជូនថា សហរដ្ឋអាមេរិក បានផ្តល់ជំនួយផ្នែកការពារជាតិជាង ៦៦ពាន់លានដុល្លារដល់ទីក្រុងកៀវ ចាប់តាំងពីសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនបានចាប់ផ្តើមផ្ទុះឡើងនៅឆ្នាំ២០២២។ សហរដ្ឋអាមេរិក ក៏ធ្លាប់បានផ្អាកការផ្តល់ជំនួយយោធាដល់អ៊ុយក្រែនមួយរយៈខ្លីផងដែរ បន្ទាប់ពីមានជម្លោះពាក្យសំដីរវាងលោក ត្រាំ និង Zelensky កាលពីក្នុងខែកុម្ភៈ៕