មហាសេដ្ឋីកំពូលរបស់ពិភពលោក Elon Musk បានចេញមុខទទួលស្គាល់ថា លោកពិតជាមានការសោកស្តាយខ្លាំងចំពោះខ្លឹមសារមួយចំនួន ដែលលោកបានបង្ហោះ ក្នុងអំឡុងពេលមានសង្គ្រាមពាក្យសម្តី ដែលពាក់ព័ន្ធទៅនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
ដោយបានសរសេរនៅបណ្តាញសង្គម X របស់ខ្លួន នៅថ្ងៃទី១១ ខែមិថុនានេះ លោក Musk បាននិយាយថា ៖” ខ្ញុំពិតជាមានការសោកស្តាយខ្លាំង ចំពោះការបង្ហោះសាររបស់ខ្ញុំអំពីប្រធានាធិបតីអាមេរិក លោក ត្រាំ កាលពីសប្តាហ៍មុន។ វាហាក់ដូចជាជ្រុលហួសហេតុខ្លាំង”។
គួរឲ្យដឹងផងដែរថាជម្លោះដ៏ក្តៅគគុកនេះ ត្រូវបានកើតឡើង បន្ទាប់ពីលោក Musk បានបញ្ចប់តួនាទីរបស់ខ្លួន នៅក្នុងទីភ្នាក់ងារ DOGE ហើយបានចាប់ផ្តើមចេញមុខរិះគន់ចំៗទៅលើផែនការចំណាយច្រើនហួសហេតុរបស់រដ្ឋបាលលោក ត្រាំ។ ក្រោយមកប្រធានាធិបតីអាមេរិក ក៏បានវាយប្រហារទៅលើថៅកែក្រុមហ៊ុន Tesla វិញ និងបានបន្តឲ្យកើតជាសង្គ្រាមពាក្យសម្តីដ៏ក្តៅគគុក នៅលើបណ្តាញសង្គមតែម្តង។
ជម្រាបជូនផងដែរថា ជុំវិញការបង្ហាញភាពសោកស្តាយរបស់លោក Musk ជុំវិញបញ្ហាជម្លោះនេះ ត្រូវបានធ្វើឡើង នៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីលោក ត្រាំ បាននិយាយថាទំនាក់ទំនងរវាងលោក ជាមួយលោក Musk ត្រូវបានបញ្ចប់ហើយ៕