លោក ត្រាំ បង្ហើបពី​លទ្ធភាព​ផ្សះផ្សា​ទំនាក់ទំនងជាមួយ Elon Musk ឡើងវិញ ក្រោយមានជម្លោះ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ បាននិយាយថា ទំនាក់ទំនងរវាងលោក ជាមួយមហាសេដ្ឋីមានដាច់គេលើលោក Elon Musk នៅតែអាចផ្សះផ្សាវិញបាន បន្ទាប់ពីមានជម្លោះពាក្យសម្តីដ៏ក្តៅគគុក កាលពីពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងបទសម្ភាសជាមួយកម្មវិធី “Pod Force One” ដែលចុះផ្សាយដោយកាសែត New York Post កាលពីថ្ងៃទី១១​ ខែមិថុនា ប្រធានាធិបតីអាមេរិកលោក ត្រាំ ត្រូវបានសួរថាតើទំនាក់ទំនងរបស់លោកអាចផ្សះផ្សាជាមួយមហាសេដ្ឋី Elon Musk វិញបានទេ បន្ទាប់ពីមានសង្គ្រាមពាក្យសម្តីកាលពីសប្តាហ៍មុន។

លោក ត្រាំ បាននិយាយថា ៖”ខ្ញុំគិតថាខ្ញុំអាចធ្វើបាន ប៉ុន្តែអ្នកដឹងទេថា យើងត្រូវគិតរឿងប្រទេសជាតិជាមុនសិន។ ការងារតែមួយគត់របស់ខ្ញុំនៅពេលនេះ គឺធ្វើឲ្យប្រទេសនេះត្រលប់មកឈរលើមូលដ្ឋានខ្ពស់ជាងអ្វីដែលយើងធ្លាប់មាន។ ខ្ញុំគិតថាយើងអាចធ្វើវាបាន។ ខ្ញុំគិតថាយើងនឹងធ្វើវាបានយ៉ាងងាយស្រួល” ។

លើសពីនេះ នៅពេលសួរថាតើលោកអាច​អត់​ឱន​ទោសដល់ Elon Musk បានទេ ប្រធានាធិបតីលោក ត្រាំ បានទទូចថាទៀតថា លោកមិនមានការខឹងសម្បារអ្វីចំពោះបញ្ហានេះនោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា លោកហាក់មានការភ្ញាក់ផ្អើល និងខកចិត្ត ដែលទទួលបានការរិះគន់ជាសាធារណៈ ពីសំណាក់អតីតទីប្រឹក្សាជាន់ខ្ពស់របស់ខ្លួនបែបនេះ។

ជម្រាបជូនថា ជុំវិញបទសម្ភាសរបស់លោក ត្រាំ នេះ ត្រូវបានធ្វើឡើង នៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី លោក Musk បានបង្ហោះសារនៅលើបណ្តាញសង្គម X របស់ខ្លួន ដោយបង្ហាញការសោកស្តាយខ្លាំង ចំពោះការបញ្ចេញមតិរិះគន់ធ្ងន់ៗ ទៅលើប្រធានាធិបតីអាមេរិក៕