ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូល Micron Technology បាននិយាយកាលពីថ្ងៃទី១២ ខែមិថុនាថា ខ្លួនគ្រោងនឹងពង្រីកការវិនិយោគ នៅសហរដ្ឋអាមេរិកបន្ថែមទៀត ជាមួយនឹងចំនួនទឹកប្រាក់សរុបប្រហែល ២០០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
នៅក្នុងចំណោមទឹកប្រាក់វិនិយោគសរុបនេះ ក្រុមហ៊ុន Micron បានបង្ហាញឲ្យដឹងទៀតថា ទឹកប្រាក់ប្រហែល ១៥០ពាន់លានដុល្លារ និងយកទៅពង្រីកការផលិតបន្ទះឈីបអង្គចងចាំ នៅក្នុងស្រុក ខណ:ទឹកប្រាក់ចំនួន ៥០ពាន់លានដុល្លារផ្សេងទៀត និងយកទៅវិនិយោគក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ។
គួរឲ្យដឹងទៀតងផងដែរថា ការវិនិយោគបន្ថែម នឹងផ្តោតទៅលើការសាងសង់រោងចក្រផលិតបន្ទះឈីបអង្គចងចាំជំនាន់ថ្មី នៅទីក្រុង Boise រដ្ឋ Idaho និងពង្រីករោងចក្រផលិតបន្ទះឈីបដែលមានស្រាប់ នៅក្នុងទីក្រុង Manassas រដ្ឋ Virginia ផងដែរ។
បន្ថែមពីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សនេះ បាននិយាយថា ការវិនិយោគរបស់ Micron មានគោលបំណងនាំយកសមត្ថភាពវេចខ្ចប់កម្រិតខ្ពស់ ទៅកាន់សហរដ្ឋអាមេរិក ដែលជាបច្ចេកទេសផលិតចាំបាច់សម្រាប់អង្គចងចាំកម្រិតបញ្ជូនខ្ពស់ (HBM) ដែលត្រូវបានយកទៅប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងទីផ្សារបច្ចេកវិទ្យា AI នាពេលបច្ចុប្បន្ន៕