រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដកតំណែងអ្នកការទូតអាជីពចំនួន ២៩ រូប ចេញពីតំណែងឯកអគ្គរដ្ឋទូត ក្នុងពេលដំណាលគ្នា នាពេលឆាប់ៗខាងមុខនេះ នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីជំរុញគោលនយោបាយ “America First” របស់ខ្លួន។

យោងតាមការចុះផ្សាយពីរបស់សារព័ត៌មាន Associated Press បានបង្ហាញឲ្យដឹងនៅថ្ងៃទី២២ ខែធ្នូថា មន្ត្រីការទូតប្រចាំនៅក្នុងប្រទេសយ៉ាងហោចណាស់ ២៩ ត្រូវបានជូនដំណឹងថា អាណត្តិការងាររបស់ពួកគេនឹងត្រូវបញ្ចប់នៅត្រឹមខែមករា ឆ្នាំ២០២៦ ខាងមុខ។
គួរឲ្យដឹងផងដែរអ្នកការទូតអាជីពទាំងប៉ុន្មានខាងលើនេះ សុទ្ធសឹងតែត្រូវបានតែងតាំង នៅក្នុងអំឡុងការដឹកនាំរបស់អតីតប្រធានាធិបតី លោក ចូ បៃដិន ប៉ុន្តែពួកគេត្រូវបានរួមផុតពីការបោសសម្អាត នៅក្នុងអាណត្តិទីពីររបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកការទូតដែលត្រូវបានដកហូតតំណែងនេះ អាចនឹងមិនត្រូវបាត់បង់ការងាររបស់ពួកគេទាំងស្រុងនោះទេ ដោយពួកគេអាចត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ដើម្បីទទួលភារកិច្ចផ្សេងទៀតប្រសិនបើពួកគេចង់។
ជម្រាបជូនផងដែរថា ទ្វីបអាហ្វ្រិកគឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយមានឯកអគ្គរដ្ឋទូតនៅក្នុងប្រទេសចំនួនរហូតដល់ ១៣ ឯណោះ ត្រូវកោះហៅទៅអាមេរិកវិញ រួមមានប្រទេសប៊ូរុនឌី កាមេរូន កាប់វើដ ហ្គាបុង កូតឌីវ័រ ម៉ាដាហ្គាស្ការ ម៉ូរីស នីហ្សេ នីហ្សេរីយ៉ា រវ៉ាន់ដា សេណេហ្គាល់ និងអ៊ូហ្គង់ដា។ បន្ទាប់មកគឺអាស៊ី និងប៉ាស៊ីហ្វិក ដែលត្រូវប្តូរឯកអគ្គរដ្ឋទូតថ្មី មានដូចជា វៀតណាម ហ្វីជី ឡាវ កោះម៉ាស្សល ប៉ាពួញូហ្គីណេ និងហ្វីលីពីន។
ដោយឡែកសម្រាប់ប្រទេសនៅអឺរ៉ុបមានចំនួនបួន រួមជាមួយប្រទេសជាច្រើននៅមជ្ឈិមបូព៌ា អាស៊ីខាងត្បូង អាស៊ីកណ្តាល និងអឌ្ឍគោលខាងលិច ក៏ត្រូវបានផ្លាស់ប្តូរឯកអគ្គរដ្ឋទូតថ្មី ផងដែរ៕

