បន្ទាប់ពីមានការប៉ះទង្គិចរវាងយោធាកម្ពុជា និងថៃ ក្នុងតំបន់មុំបី កាលពីថ្ងៃទី ២៨ ខែឧសភា មក ភាពតានតឹងរវាងប្រទេសទាំងពីរ កាន់តែរីករាលដាលធំឡើង ដោយឈានដល់ការសម្រេចបិទច្រកព្រំដែនមួយចំនួន និងមិនទាន់មានដំណោះស្រាយណាមួយច្បាស់លាស់នៅឡើយនោះទេ។
យ៉ាងណាមិញ យោងតាមនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ថៃ បានបង្ហាញឲ្យដឹងថា ប្រសិនបើការបិទច្រកព្រំដែនកម្ពុជា នៅតែបន្ត នោះវានឹងបណ្តាលឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចថៃ យ៉ាងធ្ងន់ធ្ងរ ខណ:កាលពិក្នុងឆ្នាំ២០២៤ តម្លៃពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-ថៃ បានឈានដល់ ១៧៥,៥ពាន់លានបាត ឬស្មើជាង ៥,៤ពាន់លានដុល្លារ។
គួរឲ្យដឹងដឹងថា ការនាំចេញសំខាន់ៗរបស់ថៃរួមមាន ភេសជ្ជៈ គ្រឿងបន្លាស់រថយន្ត និងម៉ូតូ ម៉ាស៊ីន និងគ្រឿងយន្តកសិកម្ម ដែលស្មើនឹងជាង ៣០% នៃការនាំចេញសរុប។ ការនាំចូលសំខាន់ៗពីកម្ពុជារួមមានដំឡូងមី ដែកអេតចាយ (អាលុយមីញ៉ូម និងទង់ដែង) និងខ្សែអគ្គិសនី ដែលមានសារៈសំខាន់សម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មរបស់ថៃ ដូចជាចំណីសត្វ ការកែច្នៃ និងគ្រឿងអេឡិចត្រូនិក ជាដើម។
បច្ចុប្បន្នមានច្រកព្រំដែនកម្ពុជា-ថៃ មានចំនួនសរុប ១៨ ស្ថិតនៅក្នុងខេត្តចំនួន៧ រួមមានខេត្តត្រាត ចន្ថាបុរី ស្រះកែវ បុរីរ៉ាំ ស៊ូរិន ស៊ីសាកេត និងឧបនរាឆាថានី ។ ក្នុងនោះរួមមាន ប៉ុស្តិ៍ត្រួតពិនិត្យអចិន្ត្រៃយ៍ចំនួន ៨ ប៉ុស្តិ៍ចំនួន ៩ សម្រាប់សម្រួលពាណិជ្ជកម្ម និង ១ សម្រាប់ទេសចរណ៍។
ប៉ុន្តែទោះជាយ៉ាងណា ក្នុងចំណោមច្រកទ្វារសំខាន់ៗទាំងនោះ មានច្រកចំនួនបីដែលរួមចំណែកដល់ការធ្វើពាណិជ្ជកម្មរវាងថៃនិងកម្ពុជា ធំជាងគេបំផុត ក្នុងនោះរួមមានច្រកទ្វារ Aranyaprathet Customs House (ស្រះកែវ) – ១១០,៧២ពាន់លានបាត (ឬស្មើ៦៣,៤%នៃពាណិជ្ជកម្មសរុប ) , Khlong Yai Customs House (ត្រាត) – ២៩,២៩ពាន់លានបាត (១៦,៨% នៃពាណិជ្ជកម្មសរុប) ,Chanthaburi Customs House (ចន្ថាបុរី) – ២៦,៦២ពាន់លានបាត (1១៥,៣%)។ ហើយប្រសិនបើច្រកទាំងបីនេះត្រូវបិទ នោះជាង ៩៥,៥% នៃពាណិជ្ជកម្មតាមព្រំដែនជាមួយកម្ពុជា នឹងត្រូវរំខាន។
ជម្រាបជូនថា សម្រាប់រយៈពេលបួនខែដំបូងនៃឆ្នាំ២០២៥ (ខែមករា ដល់ខែមេសា) ពាណិជ្ជកម្មព្រំដែនកម្ពុជា-ថៃ មានចំនួនសរុប ៦៤,៦ពាន់លានបាត ជាមួយនឹងការនាំចេញ ៥០,២ពាន់លាន និងការនាំចូលសរុបចំនួន ១៤,៣ពាន់លានបាត៕