កម្ពុជា-សិង្ហបុរី ចុះ MoU ជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខស្បៀង និងបើកផ្លូវទីផ្សារនាំចេញអង្ករកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-សិង្ហបុរី ចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខស្បៀង ដែលជាជំហានដ៏សំខាន់មួយទៀត ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ពិសេសបើកផ្លូវទីផ្សារនាំចេញអង្ករកម្ពុជាចូលទីផ្សារសិង្ហបុរី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងពាណិជ្ជកម្មកម្ពុជា ចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ការចុះហត្ថលេខាលើ MoU នេះ បានធ្វើឡើងក្រោមវត្តមានលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកស្រី Grace Fu រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងចីរភាព និងជារដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងពាណិជ្ជកម្ម នៃសាធារណរដ្ឋសិង្ហបុរី។

អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធានាស្ថិរភាព តម្លាភាព និងប្រសិទ្ធភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀង ដែលនឹងបើកផ្លូវឱ្យការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរីមានការកើនឡើង ព្រមទាំងចូលរួមគាំទ្រយុទ្ធសាស្ត្ររក្សាស្ថិរភាពប្រភពស្បៀងអាហាររបស់សិង្ហបុរី ក៏ដូចជាការបង្កើតឱកាសនៃការចាប់យកទីផ្សារថ្មី ប្រកបដោយចីរភាពសម្រាប់វិស័យកសិកម្មនៅកម្ពុជាផងដែរ។

ប្រភពដដែល បានបញ្ជាក់ថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ ក៏បានបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងនាមជាប្រទេសនាំចេញអង្ករប្រកបដោយសក្តានុពល តាមរយៈសមត្ថភាពដ៏រឹងមាំក្នុងការផលិត ការប្រកួតប្រជែង និងផ្គត់ផ្គង់ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងការធានាសន្តិសុខស្បៀងក្នុងតំបន់ និងសកល។

បើតាមក្រសួងពាណិជ្ជកម្ម នៅមុនពិធីចុះហត្ថលេខានេះ ភាគីទាំងពីរបានជួបពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើស្ថានភាពវិវត្តន៍នៃពាណិជ្ជកម្មសកល កិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជាការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-សិង្ហបុរីឱ្យកាន់តែរីកចម្រើន ជាពិសេសក្នុងវិស័យបំពេញឱ្យគ្នាទៅវិញទៅមក។

ក្នុងឱកាសនោះ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខស្បៀង ជាពិសេសកាលានុវត្តភាពសម្រាប់ការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសិង្ហបុរីបន្ថែមទៀត៕ អត្ថបទ៖ហ្សាលីន