ក្រុមហ៊ុន Vingroup Corporation និងរដ្ឋាភិបាលរបស់រដ្ឋ Maharashtra ប្រទេសឥណ្ឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីសិក្សាពីការវិនិយោគលើប្រព័ន្ធអេកូឡូស៊ីពហុវិស័យ ដោយមានដើមទុនសរុបប្រមាណ ៦,៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Vingroup រួមជាមួយអជ្ញាធរអភិវឌ្ឍតំបន់ទីក្រុង Mumbai (MMRDA) និងក្រសួងឧស្សាហកម្មរដ្ឋ Maharashtra នឹងស្វែងរកឱកាសវិនិយោគទ្រង់ទ្រាយធំនៅក្នុងតំបន់ទីក្រុង Mumbai និងរដ្ឋ Maharashtra ទាំងមូល។ វិស័យសំខាន់ដែលផ្តោតសំខាន់រួមមាន ការអភិវឌ្ឍទីក្រុង ការដឹកជញ្ជូនបៃតង ថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធសង្គម។
គួរឲ្យដឹងថា ក្នុងវិស័យអភិវឌ្ឍទីក្រុង ក្រុមហ៊ុន Vingroup កំពុងស្រាវជ្រាវ និងអភិវឌ្ឍតំបន់ទីក្រុងរួមបញ្ចូលគ្នា ដែលគ្របដណ្តប់លើផ្ទៃដីប្រហែល ១ ០០០ ហិកតា។ ជាមួយនឹងការវិនិយោគទឹកប្រាក់ប្រមាណ ៥ពាន់លានដុល្លារ គម្រោងនេះត្រូវបានគេរំពឹងថានឹងរួមបញ្ចូលលំនៅដ្ឋាន ពាណិជ្ជកម្ម អប់រំ វេជ្ជសាស្ត្រ និងគ្រឿងបរិក្ខាររួមបញ្ចូលគ្នាផ្សេងទៀត។
យ៉ាងណាមិញ សម្រាប់ផ្នែកដឹកជញ្ជូនបៃតង ដែលមានទុនវិនិយោគក្នុងចំនួនប្រហែល ១,៥ពាន់លានដុល្លារ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ GSM India របស់ខ្លួន Vingroup ស្នើឲ្យមានការដាក់ពង្រាយតាក់ស៊ីអគ្គិសនីចំនួន ៦០ ០០០ គ្រឿង ដែលរួមបញ្ចូលជាមួយវេទិកាសេវាកម្មចល័តឆ្លាតវៃ ផងដែរ។
ជម្រាបជូនថា ក្នុងការវិនិយោគនេះ ក្រុមហ៊ុនសមាជិកផ្សេងទៀតដូចជា Vinschool, Vinmec និង Vinpearl ក៏កំពុងចូលរួមក្នុងការស្រាវជ្រាវលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសង្គមក្នុងវិស័យអប់រំ សុខាភិបាល និងសេវាកម្មទេសចរណ៍ ដើម្បីបំពេញប្រព័ន្ធអេកូឡូស៊ីពហុវិស័យផងដែរ៕

