យោងតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានអះអាងថា វៀតណាម បានក្លាយជាប្រទេសដៃគូរបស់ក្រុម BRICS ជាផ្លូវការហើយ ដោយមានគោលបំណងចង់លើកកម្អស់សាមគ្គីភាពអន្តរជាតិ និងបរិយាប័ន្ននិយមពហុភាគីគ្រប់ជ្រុងជ្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បាននិយាយ កាលពីថ្ងៃទី១៤ ខែមិថុនាថា ៖”វៀតណាមបានក្លាយជាប្រទេសដៃគូ BRICS ដោយមានបំណងចង់ខិតខំប្រឹងប្រែងដើម្បីរួមចំណែក លើកកម្ពស់សម្លេង និងតួនាទីនៃប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាលើកកម្ពស់សាមគ្គីភាពអន្តរជាតិ ពហុភាគីនិយម ការរួមបញ្ចូល និងគ្រប់ជ្រុងជ្រោយក្នុងស្មារតីគោរពច្បាប់អន្តរជាតិ”។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានបន្តអះអាងទៀតថា វៀតណាម បាននិងកំពុងបង្កើត ហើយនឹងរួមចំណែកជាក់ស្តែងចំពោះយន្តការ អង្គការ និងវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ អាស៊ាន APEC ការពង្រីក G7 ការពង្រីក G20 OECD ជាដើម ដើម្បីចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។
ទន្ទឹមនឹងនេះ លោកស្រី Hang បានមានប្រសាសន៍ទៀតថា ៖”នេះក៏បញ្ជាក់អំពីគោលនយោបាយការបរទេសជាប់លាប់របស់វៀតណាមអំពីឯករាជ្យ ការពឹងផ្អែកលើខ្លួនឯង ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មទំនាក់ទំនងបរទេស ភាពជាមិត្ត ដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្ម និងការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ”។
គួរឲ្យដឹងថាប្រេស៊ីល ដែលជាប្រធានប្តូរវេនរបស់ BRICS បានប្រកាសថា វៀតណាម បានក្លាយជាប្រទេសដៃគូទី១០ របស់ក្រុម រួមជាមួយបេឡារុស្ស បូលីវី កាហ្សាក់ស្ថាន គុយបា ម៉ាឡេស៊ី នីហ្សេរីយ៉ា ថៃ អ៊ូហ្គង់ដា និងអ៊ូសបេគីស្ថាន។
នៅក្នុងនាមជា “ប្រទេសដៃគូ” នេះ ត្រូវបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី១៦ របស់ BRICS នៅទីក្រុង Kazan ប្រទេសរុស្ស៊ីក្នុងខែតុលា ឆ្នាំ២០២៤ សម្រាប់ប្រទេសដែលមិនមែនជាសមាជិក BRICS ផ្លូវការ ប៉ុន្តែនៅតែទទួលបានការគាំទ្រពីប្រទេសជាសមាជិក។
ជម្រាបជូនថា BRICS គឺជាក្រុមនៃសេដ្ឋកិច្ចដែលកំពុងរីកចម្រើនខ្លាំង ដោយរួមចំណែកជាង ៤០% នៃចំនួនប្រជាជនពិភពលោក និងប្រហែលមួយភាគបួននៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ ក្រុមនេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នា២០០៩ ដោយមានសមាជិកដើមចំនួន ៤ គឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន។ BRICS ក្រោយមកបានបន្ថែមអាហ្វ្រិកខាងត្បូង អេហ្ស៊ីប អ៊ីរ៉ង់ អេត្យូពី អារ៉ាប់រួម (UAE) និងឥណ្ឌូណេស៊ី៕