ប្រសិនបើលោក Bill Gates នៅតែបន្តកាន់កាប់ភាគហ៊ុនរបស់លោក នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft រហូតមកដល់ពេលបច្ចុប្បន្ន ហើយមិនបោះបង់ដើម្បីធ្វើសប្បុរសធម៌ទេនោះ ឥឡូវនេះ លោកអាចនឹងក្លាយជាមហាសេដ្ឋីដំបូងគេនៅលើពិភពលោក ដែលមានទំហំទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ១,២ទ្រីលានដុល្លារ ឯណោះ។
ជុំវិញចំនួនទ្រព្យសម្បត្តិដ៏ច្រើនមហាសាលនេះ នឹងធ្វើឲ្យលោក Bill Gates អាចទម្លាក់តំណែងរបស់មហាសេដ្ឋីមានដាច់គេលើលោកនាពេលបច្ចុប្បន្ន Elon Musk បានយ៉ាងងាយស្រួល។ បើតាម Forbes ទ្រព្យសម្បត្តិរបស់ថៅកែក្រុមហ៊ុន Tesla មានចំនួនសរុបប្រមាណ ៤០៩ពាន់លានដុល្លារ ពោលគឺខុសគ្នាដល់ទៅបីដងឯណោះ។
ទន្ទឹមជាមួយគ្នានេះ លោកស្រី Melinda French Gates ដែលជាអតីតភរិយារបស់លោក Bill Gates និងជាសហស្ថាបនិកនៃមូលនិធិសប្បុរសធម៌ Gates Foundation ផងនោះ ក៏នឹងជាប់ចំណាត់ថ្នាក់ជាបុគ្គលដែលមានបំផុតទីបីរបស់ពិភពលោក ផងដែរ ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ៣០០ពាន់លានដុល្លារ។
រំឭកផងដែរថា មុនពេល Microsoft ចេញជាសាធារណៈនៅឆ្នាំ១៩៨៦ លោក Bill Gates កាន់កាប់ភាគហ៊ុនចំនួន ១១,២ លានហ៊ុន ដែលតំណាងឲ្យជិត ៤៩% នៃក្រុមហ៊ុនដែលមានតម្លៃប្រហែល ២០០លានដុល្លារ នៅពេលនោះ។ ហើយប្រសិនបើលោក បានរក្សាការកាន់កាប់របស់លោកទាំងអស់នៃ ភាគហ៊ុនទាំងនោះ វានឹងបន្តកើនឡើងតាមរយៈការបំបែកភាគហ៊ុន រហូតដល់ទៅ ៣,២ ពាន់លានហ៊ុន ដែលនឹងផ្តល់ឲ្យលោក Bill Gates និងលោកស្រី Melinda នូវភាគហ៊ុនចំនួន ៤៣% នៅក្នុងក្រុមហ៊ុននាពេលបច្ចុប្បន្ននេះ ដែលមានតម្លៃប៉ាន់ស្មាន ១,៤ទ្រីលានដុល្លារ។
ប៉ុន្តែផ្ទុយទៅវិញ សហស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ បានសម្រេចលក់ភាគហ៊ុនជាបន្តបន្ទាប់ និងថែមទាំងបានបរិច្ចាគភាគហ៊ុនរបស់ខ្លួនយ៉ាងច្រើនផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយធ្វើឲ្យលោកបច្ចុប្បន្ន មានភាគហ៊ុនសេសសល់ ត្រឹមតែ ០,៩% ដែលមានតម្លៃ ២៨ពាន់លានដុល្លារ ឬស្មើនឹងប្រហែលមួយភាគបួននៃទ្រព្យសម្បត្តិសរុបរបស់លោកនាពេលបច្ចុប្បន្ន។ ចំណែកឯលោកស្រី Melinda ត្រូវបានគេប៉ាន់ស្មានថា កំពុងកាន់កាប់ភាគហ៊ុនចំនួន ៣៨០ ០០០ ហ៊ុន ដែលមានតម្លៃប្រហែល ១៧០លានដុល្លារ ឬស្មើនឹងតិចជាង ១% នៃទ្រព្យសម្បត្តិរបស់លោកស្រី។
ជម្រាបជូនថា ចាប់តាំងពីបានបង្កើតមូលនិធិ Gates Foundation ក្នុងឆ្នាំ២០០០ មក ប្តីប្រពន្ធមួយគូនេះ បានបរិច្ចាគទឹកប្រាក់ចំនួន ៦០,២ពាន់លានដុល្លារដែលធ្វើឲ្យអ្នកទាំងពីរក្លាយជាសប្បុរសជនធំជាងគេបំផុតទីពីរ នៅសហរដ្ឋអាមេរិក បន្ទាប់ពីបិតាវិនិយោគ Warren Buffett ៕