ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់ប្រទេសថៃ PTT Oil and Retail Business (OR) បានអះអាងឲ្យដឹងថា ខ្លួននឹងនៅតែបន្តដំណើរការអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា បើទោះបីជាបច្ចុប្បន្នភាពតានឹងកម្ពុជា-ថៃ កំពុងកើនឡើងកម្តៅកាន់ខ្លាំង រហូតឈានដល់រដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការនាំចូលប្រេងទាំងស្រុងពីប្រទេសថៃក៏ដោយ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន PTT នៅតែប្រកាន់ជំហររបស់ខ្លួន ក្នុងការបន្តបើកដំណើរការស្ថានីយ៍ចាក់សាំង និងអាជីវកម្មលក់រាយរបស់ខ្លួននៅកម្ពុជា ដោយនឹងបន្តតាមដានជម្លោះ និងរក្សាទិញដៅអាជីវកម្មរយ:ពេលវែងរបស់ខ្លួន នៅក្នុងប្រទេសជិតខាងមួយនេះ។
យ៉ាងណាមិញ ជុំវិញការលើកឡើងរបស់ក្រុមហ៊ុន PTT បែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជានឹងផ្អាកការនាំចូលប្រេងឥន្ធន: និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ គិតចាប់ពីម៉ោង ១២យប់ ថ្ងៃទី២៣ ខែមិថុនា តទៅ។
យ៉ាងណាមិញ បើតាមនាយកប្រតិបត្តិក្រុមហ៊ុន OR លោក Peekthong Thongyai បាននិយាយកាលពីខែមីនាឆ្នាំនេះថា ប្រទេសកម្ពុជា មានសក្ដានុពលដ៏សំខាន់ទាក់ទងនឹងកំណើនសេដ្ឋកិច្ច និងឱកាសអាជីវកម្ម ដោយសារតែក្រុមហ៊ុនបានធ្វើឲ្យកម្ពុជាក្លាយជាផ្ទះទី២ របស់ខ្លួន ក្រោមក្រុមហ៊ុនបុត្រសម្ព័ន្ធ PTT Cambodia Co។
គួរឲ្យដឹងថានៅក្នុងប្រទេសកម្ពុជា OR បើកដំណើរការស្ថានីយ៍ចាក់សាំង PTT ចំនួន ១៨៦ កន្លែង (ក្នុងចំណោមស្ថានីយ PTT សរុបចំនួន ២ ៧៦១) ហាងកាហ្វេ Amazon ចំនួន ២៥៤កន្លែង(ក្នុងចំណោមហាងកាហ្វេសរុបចំនួន ៤ ៨៩៨) និងហាងលក់រាយចំនួន ៧១ (ក្នុងចំណោមហាងសរុបចំនួន ២ ៤២១)។
ជម្រាបជូនថា កាលពីខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន OR បានប្រកាសថា ខ្លួនគ្រោងនឹងចំណាយប្រាក់ចំនួន ១០០លានដុល្លារ ដើម្បីអភិវឌ្ឍឃ្លាំងប្រេងនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីការវិនិយោគរួមគ្នារបស់ក្រុមហ៊ុននៅក្នុងសេវាកម្មចាក់ប្រេងតាមអាកាសយានដ្ឋាន នៅក្នុងប្រទេសកម្ពុជា។ ឃ្លាំងប្រេងនោះ គឺដើម្បីបម្រើដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយការងើបពីជំងឺកូវីដ-១៩៕