ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ បានឲ្យដឹងថានៅថ្ងៃអង្គារនេះថា ការមកដល់របស់ភ្ញៀវទេសចរបរទេស ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែមិថុនា បានធ្លាក់ចុះអស់ ៤,២៤% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
ក្រសួងដដែលនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនថា មានភ្ញៀវទេសចរបរទេសប្រហែល ១៦,០៤ លាននាក់ បានចូលមកលេងកម្សាន្តប្រទេសថៃ ក្នុងអំឡុងពេលនោះ។ ម៉ាឡេស៊ី នៅតែជាប្រភពធំជាងគេដែលមានភ្ញៀវទេសចរចំនួន ២,១៩ លាននាក់ តាមពីក្រោយដោយប្រទេសចិន មានចំនួន ២,១៧ លាននាក់។
ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ នៅក្នុងសប្តាហ៍នេះ បានសម្តែងការព្រួយបារម្ភកាន់ខ្លាំង អំពីរដ្ឋប្រហារដែលអាចកើតមាន បន្ទាប់ពីមានការបែកធ្លាយការសន្ទនាតាមទូរស័ព្ទររវាងនាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra និងអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជុំវិញជម្លោះព្រំដែន។
ទន្ទឹមនឹងនេះ វិស័យទេសចរណ៍បានទទូចថា រដ្ឋប្រហារត្រូវតែជៀសវាងឲ្យបានជាដាច់ខាត ដោយសារតែប្រទេសជាតិ កំពុងតែជួបបញ្ហាអស្ថិរភាពនយោបាយស្រាប់។ កាលពីខែមុន ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បានកាត់បន្ថយការព្យាកររបស់ខ្លួនសម្រាប់ការមកដល់នៃភ្ញៀវទេសចរបរទេស នៅឆ្នាំនេះមកត្រឹម ៣៧ លាននាក់ ពីចំនួន ៣៨លាននាក់៕