មជ្ឈមណ្ឌលគ្រប់គ្រងព្រំដែនថៃ-កម្ពុជា កាលពីពេលថ្មីៗនេះ បានធ្វើការបញ្ជាក់ថា រាល់ច្រកព្រំដែនទាំងអស់នៅតែតែបើកដំណើរការធម្មតា គ្មានការកាត់ផ្តាច់ចរន្តអគ្គិសនីអ្វីនោះឡើយ ដើម្បីកាត់បន្ថយការដាក់បន្ទុកទៅលើពលរដ្ឋនៃប្រទេសទាំងពីរ ដោយសារតែបញ្ហារវាងរដ្ឋនិងរដ្ឋ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Khaosod English។
មជ្ឈមណ្ឌលដដែលនេះ បានបញ្ជាក់កាលពីរសៀលថ្ងៃទី២៤ ខែមិថុនាថា ច្រកព្រំដែនទាំងអស់នៅតែបន្តបើកដំណើរការជាធម្មតា ហើយគ្មានការកាត់ផ្តាច់អគ្គិសនី ឬប្រព័ន្ធអ៊ីនធើណិតទៅកាន់កម្ពុជានោះឡើយ ព្រោះមិនចង់ឲ្យប្រជាជនថៃ និងកម្ពុជា ទទួលរងផលប៉ះពាល់ ដោយសារតែបញ្ហារវាងរដ្ឋទាំងពីរ។
យ៉ាងណាមិញ ដោយថ្លែងនៅក្នុងវិមានរដ្ឋាភិបាល អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងព្រំដែនថៃ-កម្ពុជា បានឲ្យដឹងថា រាល់ចំណុចឆ្លងកាត់ព្រំដែនទាំងអស់ នៅតែបន្តបើកដំណើរការដដែល មិនថាប៉ុស្តិ៍ត្រួតពិនិត្យអចិន្ត្រៃយ៍ ប៉ុស្តិ៍ត្រួតពិនិត្យបណ្តោះអាសន្ន ឬចំណុចសម្របសម្រួលពាណិជ្ជកម្មនោះទេ ប៉ុន្តែជាមួយនឹងការរឹតត្បិតលើការឆ្លងកាត់ព្រំដែនតឹងរ៉ឹងជាងមុន។
ភាគីថៃនៅតែបន្តអនុញ្ញាតឲ្យមានការឆ្លងកាត់ព្រំដែនសម្រាប់បុគ្គលដែលមានតម្រូវការចាំបាច់ និងសម្រាប់ហេតុផលមនុស្សធម៌ ដូចជាអ្នកដែលស្វែងរកការព្យាបាល និងសិស្សានុសិស្ស ក៏ដូចជាសកម្មភាពប្រចាំថ្ងៃចាំបាច់សម្រាប់សាធារណៈជន ដូចជាការទិញផ្លែឈើ បន្លែ និងសម្ភារៈប្រើប្រាស់ ក្នុងផ្ទះជាដើម។
ជុំវិញការប្រកាសនេះ ហាក់ដូចជាផ្ទុយស្រលះពីការប្រកាស កាលពីម្សិលមិញរបស់រដ្ឋាភិបាលថៃ ជុំវិញការប្រកាសបិទច្រកព្រំដែនទាំងស្រុង បន្ទាប់ពីមានការលើកឡើងនូវវិធានការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដែលរួមមានការផ្អាកការនាំចេញអគ្គិសនី ប្រេង និងទំនិញដែលអាចប្រើប្រាស់ ក្នុងសកម្មភាពខុសច្បាប់ផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។ តែទោះជាយ៉ាងណានេះគ្រាន់តែការចុះផ្សាយពីសារព័ត៌មាន Khaosod ប៉ុណ្ណោះ ខណ:រហូតមកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយ ជុំវិញការបើកច្រកព្រំដែនរវាងថៃ-កម្ពុជាឡើងវិញ នៅឡើយនោះទេ៕