រដ្ឋអាជ្ញាកូរ៉េខាងត្បូង ស្វែងរកដីកាចាប់ខ្លួនអតីតប្រធានាធិបតី លោក Yoon Suk-yeol

អន្តរជាតិ

រដ្ឋអាជ្ញាពិសេសរបស់កូរ៉េខាងត្បូង បានស្នើឲ្យតុលាការចេញដីកាចាប់ខ្លួនអតីតប្រធានាធិបតី លោក Yoon Suk-yeol ពីបទចោទប្រកាន់ថា លោកមិនបានអើពើទៅនឹងការកោះហៅរបស់ប៉ូលីស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Cho Eun-suk ប្រធានក្រុមព្រះរាជអាជ្ញាពិសេសដែលទទួលស៊ើបអង្កេតលើ លោក Yoon បានស្នើសុំតុលាការក្រុង Seoul Central District កាលពីថ្ងៃទី២៥ ខែមិថុនា ដើម្បីអនុម័តដីកាចាប់ខ្លួនអតីតប្រធានាធិបតី ដោយចោទប្រកាន់ថា លោក Yoon មិនអើពើនឹងការកោះហៅរបស់ប៉ូលីស បន្ទាប់ពីមានការស៊ើបអង្កេតពិសេសមួយ ដែលត្រូវបានចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា។

យោងតាមតំណាងអយ្យការ បានបង្ហាញឲ្យដឹងថា ការខកខានរបស់លោក Yoon ក្នុងការអនុលោមតាមដីកាកោះហៅ ក៏ដូចជាការបដិសេធរបស់លោក ក្នុងការអនុលោមតាមការកោះហៅផ្សេងទៀត នៅថ្ងៃទី១២ ខែមិថុនា បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា លោកមិនមានចេតនាឆ្លើយតប ទៅនឹងការកោះហៅណាមួយផ្សេងទៀត នាពេលខាងមុខនោះទេ។ ក្រោយ​ពី​ទទួល​យក​សំណុំ​រឿង​នេះ​ពី​ប៉ូលិស​ នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា តំណាង​អយ្យការ​បាន​សុំ​ដីកាចាប់​ខ្លួន ដើម្បី​រក្សា​ការ​បន្ត​ការ​ស៊ើប​អង្កេត ទៅលើលោក Yoon ។

យ៉ាងណាមិញ តុលាការ ត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចិត្តលើដីកាចាប់ខ្លួនលោក Yoon នៅថ្ងៃនេះ។ ព្រះរាជអាជ្ញា លោក Park Ji-young មកពីក្រុមអយ្យការបាននិយាយថា ៖”យើងនឹងប្រកាសពីដីកាឆាប់ខ្លួនលោក Yoon ភ្លាមៗ ប្រសិនបើតុលាការយល់ព្រម”។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមមេធាវីរបស់លោក Yoon នៅថ្ងៃនេះ បានចោទប្រកាន់ចំណាត់ការរបស់ក្រុមព្រះរាជអាជ្ញាក្នុងការស្នើសុំដីកាចាប់ខ្លួនថាជារឿងខុសច្បាប់ គ្មានវិជ្ជាជីវៈ និងរំលោភសិទ្ធិការពារក្តី។ មេធាវីបន្តអះអាងទៀតថា លោក Yoon នៅមិនទាន់ទទួលបានដីកាពីអយ្យការណាមួយទេ រហូតមកដល់ពេលនេះ។

គួរឲ្យដឹងថា លោក Yoon ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មករា ប៉ុន្តែ​ត្រូវ​បាន​ដោះ​លែង​វិញ​បន្ទាប់​ពី​ឃុំ​ខ្លួន​រយៈពេល ៥២ថ្ងៃ​តាម​ដីកា​របស់​តុលាការ។ លោកត្រូវបានដកចេញពីតំណែងជាប្រធានាធិបតី ដោយតុលាការធម្មនុញ្ញ កាលពីខែមេសា ហើយកំពុងប្រឈមមុខនឹងការស៊ើបអង្កេតព្រហ្មទណ្ឌលើការចោទប្រកាន់ពីបទបះបោរ និងការរំលោភបំពានអំណាចទាក់ទងនឹងការដាក់ចេញច្បាប់អាជ្ញាសឹក។

ជាមួយគ្នានេះ ភរិយា​របស់​លោក Yoon ​គឺ​អតីត​ជំទាវ​ទី​១ លោកស្រី Kim Keon-hee ក៏​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​ដែរ។ នៅថ្ងៃទី២៤ ខែមិថុនា សាកលវិទ្យាល័យរបស់លោកស្រី បានសម្រេចដកហូតសញ្ញាបត្រអនុបណ្ឌិតរបស់លោកស្រី បន្ទាប់ពីមានការចោទប្រកាន់ពីបទចម្បងនិក្ខេបបទ៕