លោក ត្រាំ ថាចិនអាចទិញចូលប្រេងពីអ៊ីរ៉ង់បាន តែត្រូវបង្កើនការទិញទំនិញពីអាមេរិកដែរ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បាននិយាយថា ចិនអាចបន្តទិញចូលប្រេងពីប្រទេសអ៊ីរ៉ង់បាន ក៏ប៉ុន្តែបានលើកទឹកចិត្តឲ្យនាំចូលទំនិញបន្ថែមទៀតពីសហរដ្ឋអាមេរិកផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានាធិបតីអាមេរិក លោក ត្រាំ បាននិយាយកាលពីថ្ងៃទី២៤ ខែមិថុនាថា ចិនអាចបន្តទិញចូលប្រេងពីអ៊ីរ៉ង់បាន បន្ទាប់ពីអ៊ីស្រាអែល និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាលើបទឈប់បាញ់មួយ។

មិនតែប៉ុណ្ណោះ ដោយបានសរសេរលើបណ្តាញសង្គម Truth Social របស់ខ្លួន លោក ត្រាំ បាននិយាយថា៖” ឥឡូវនេះ ចិនអាចបន្តទិញប្រេងពីអ៊ីរ៉ង់បាន។ ហើយសង្ឃឹមថាពួកគេក៏នឹងបង្កើនការទិញទំនិញកាន់តែច្រើនពីសហរដ្ឋអាមេរិក ផងដែរ”។

គួរឲ្យដឹងថា លោក ត្រាំ ធ្លាប់បានដាក់ទណ្ឌកម្មលើរោងចក្រចម្រាញ់ប្រេង និង​ប្រតិបត្តិករ​កំពង់ផែ​ចិន​មួយ​ចំនួន​ សម្រាប់​ការ​ទិញ​ប្រេង​អ៊ីរ៉ង់។

យ៉ាងណាមិញ ប្រទេសចិន បានប្រឆាំងជាយូរមកហើយនូវអ្វីដែលខ្លួនហៅថា ការរំលោភបំពានលើទណ្ឌកម្មឯកតោភាគី និងខុសច្បាប់របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។ ហើយនៅពេលសួរអំពីការលើកឡើងរបស់លោក ត្រាំ ជុំវិញការបើកភ្លើងខៀវឲ្យមានការទិញចូលប្រេងពីអ៊ីរ៉ង់ឡើងវិញ នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយថារដ្ឋាភិបាលទីក្រុងប៉េកាំង នឹងចាត់វិធានការដើម្បីធានាសន្តិសុខថាមពល ស្របតាមផលប្រយោជន៍ជាតិរបស់ខ្លួន។

ជម្រាបជូនផងដែរថា បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលត្រូវបានប្រកាសកាលពីពេលថ្មីៗនេះ មតិរបស់លោក ត្រាំ លើការទិញប្រេងរបស់ចិន ត្រូវបានគេមើលឃើញថាជាសញ្ញាអវិជ្ជមានថ្មីសម្រាប់ទីផ្សារប្រេងអន្តរជាតិ ដែលរួមចំណែកដល់ការធ្លាក់ចុះតម្លៃជិត ៦% គិតនៅត្រឹមនៅថ្ងៃទី២៤ ខែមិថុនា។ ប្រេងប្រភេទ Brent និង WTI បច្ចុប្បន្នកំពុងជួញដូរនៅជុំវិញតម្លៃ ៦៨ដុល្លារ និង ៦៥ដុល្លារ ក្នុងមួយធុងបារ៉ែល រៀងៗគ្នា៕