យោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira ថ្មីៗនេះបានចេញមុខច្រានចោលរាល់របាយការណ៍ទាំងឡាយ ដែលបានអះអាងថា សហរដ្ឋអាមេរិក បានឈានដល់ការសម្រេចដាក់ពន្ធ ១៨% លើទំនិញរបស់ថៃ។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation។
ដោយថ្លែងប្រាប់ទៅកាន់អ្នកយកព័ត៌មាន កាលពីថ្ងៃទី ២៦ ខែមិថុនា លោក Pichai បានបញ្ជាក់ថា តួលេខនេះគឺគ្រាន់តែជាការប៉ាន់ស្មាន ដែលត្រូវបានប្រើប្រាស់ដោយធនាគារកណ្តាលថៃ និងអ្នកសេដ្ឋកិច្ចសម្រាប់ជាគំរូនៃផលប៉ះពាល់សេដ្ឋកិច្ចដែលអាចកើតមានប៉ុណ្ណោះ។ លោកក៏បានសង្កត់ធ្ងន់ទៀតថា ការចរចាអំពីបញ្ហាពន្ធគយរវាងប្រទេសទាំងពីរ នៅតែបន្តដំណើរការ និងមិនទាន់មានការសម្រេចចុងក្រោយនៅឡើយ។
មិនតែប៉ុណ្ណោះ លោក Pichai បាននិយាយទៀតថា ៖” ព័ត៌មានដែលផ្សព្វផ្សាយតាមបណ្តាញសង្គមដែលអះអាងថាថៃបានឈានដល់កិច្ចព្រមព្រៀងចុងក្រោយលើការទទួលយកពន្ធពីអាមេរិកចំនួន ១៨% នោះ គឺមិនពិតទេ។ យើងមិនទាន់មានការសម្រេចចិត្តនោះទេ។ តាមការយល់របស់ខ្ញុំ តួលេខ ១៨% នេះ គឺគ្រាន់តែជាចំនួនដែលបានព្យាករសុទ្ធសាធ ដោយផ្អែកលើប៉ាន់ស្មាន។ ការពិតនោះថា គឺយើងកំពុងស្ថិតក្នុងការចរចានៅឡើយ”។
រដ្ឋមន្ត្រីរូបនេះ បានពន្យល់បន្ថែមថា ការពិភាក្សាជាមួយសហរដ្ឋអាមេរិក បានគ្របដណ្តប់លើវិស័យសំខាន់ៗចំនួន ៤ ទៅ ៥ ក្នុងនោះ រួមមាន អត្រាពន្ធគយ របាំងពាណិជ្ជកម្មមិនមែនពន្ធ ការបង្កើនការនាំចូលរបស់សហរដ្ឋអាមេរិក ការដោះស្រាយការក្លែងបន្លំនៃប្រភពដើមសម្រាប់ទំនិញ និងការដោះស្រាយបញ្ហាដឹកជញ្ជូន។
លោក Pichai បានរំលឹកឡើងវិញថា សំណើស្នូលរបស់ប្រទេសថៃ នៅតែបន្តផ្អែកលើចំណុចសំខាន់ៗចំនួនប្រាំខាងលើនេះ ដែលបានដាក់ជូនសហរដ្ឋអាមេរិករួចរាល់ហើយ ដើម្បីពិចារណា។
ជម្រាបជូនផងដែរថា សហរដ្ឋអាមេរិក បានសម្រេចដាក់ពន្ធទៅវិញទៅមក រហូតដល់ទៅ ៣៦% ទៅលើទំនិញដែលនាំចូលពីប្រទេសថៃ មុនពេលមានការផ្អាកការយកពន្ធគយខ្ពស់ មកនៅត្រឹម ១០% វិញ ដើម្បីទុកពេលសម្រាប់ការចរចា៕