អ្នកដឹកនាំជាន់ខ្ពស់នៅក្នុងក្រុមហ៊ុន Tesla និងជាមនុស្សដ៏ជំនិតម្នាក់របស់មហាសេដ្ឋី Elon Musk គឺលោក Omead Afshar កាលពីពេលថ្មីៗនេះ បានប្រកាសដើរចេញពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់កំពូលរបស់អាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
លោក Afshar ត្រូវបានគេស្គាល់ថាជាដៃគូជិតស្និទ្ធខ្លាំង ជាមួយលោក Musk និងធ្លាប់ធ្វើការនៅស្នាក់ការ CEO របស់ក្រុមហ៊ុន Tesla តាំងពីឆ្នាំ២០១៧ មក ជាពិសេសសម្រាប់តួនាទីនៅក្នុងគម្រោងធំៗ ដូចជារោងចក្រ Texas Gigafactory ជាដើម។
យ៉ាងណាមិញ ជុំវិញការប្រកាសចាកចេញរបស់លោក Afshar នេះ បានកើតឡើង ចំពេលតម្រូវការរបស់ក្រុមហ៊ុន Tesla កំពុងធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងទ្វីបអឺរ៉ុប និងអាមេរិកខាងជើង ខណ:ពេលដែលដៃគូប្រកួតប្រជែងធំៗ ជាពិសេសក្រុមហ៊ុនចិន បានផ្តល់នូវជម្រើសដែលមានតម្លៃសមរម្យជាង។
ជម្រាបជូនផងដែរថា នៅក្នុងរយ:ពេលចុងក្រោយនេះ បុគ្គលិកជាន់ខ្ពស់របស់ Tesla ជាច្រើន បានសម្រេចចិត្តលាលែងពីតំណែង ដោយក្នុងនោះរួមមានទាំង លោកស្រី Jenna Ferra ដែលជានាយិកាផ្នែកធនធានមនុស្សសម្រាប់តំបន់អាមេរិកខាងជើង និងជាមិត្តដ៏ជិតស្និទ្ធជាមួយនឹងលោក Afshar ផងដែរ៕