ការលក់ជាសកលរបស់ Toyota កើនឡើងខ្ពស់ ក្នុងខែឧសភា ទោះផលិតកម្មធ្លាក់ចុះ

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ប្រទេសជប៉ុន Toyota បានបង្ហាញឲ្យដឹងនៅថ្ងៃសុក្រនេះថា ការលក់ជាសកលរបស់ខ្លួន បានកើនឡើងក្នុងរយ:ពេល ៥ខែជាប់ៗគ្នា គិតនៅត្រឹមខែឧសភា ចំពេលមានតម្រូវការខ្លាំង ជាពិសេសនៅក្នុងទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Toyota បាននិយាយថា កាលក់នៅទូទាំងពិភពលោក បានកើនឡើង ៦,៩% ដល់ចំនួន ៨៩៨ ៧២១ គ្រឿង នៅក្នុងខែឧសភា ដែលត្រូវបានជំរុញដោយតម្រូវការដ៏រឹងមាំ នៅខាងមេរិកខាងជើង ចិន និងជប៉ុន។ ហើយសម្រាប់ការលក់នៅក្នុងទឹកដីសហរដ្ឋអាមេរិក ក៏បានកើនឡើងដល់ជិត ១១% ផងដែរ។

តែទោះជាយ៉ាងណាក៏ដោយ ការផលិតរថយន្តនៅទូទាំងពិភពលោករបស់ក្រុមហ៊ុន Toyota បានធ្លាក់ចុះអស់ ០,៧% ក្នុងខែឧសភា បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះលើកដំបូង ក្នុងរយៈពេល ៥ខែចុងក្រោយ ដោយសារថ្ងៃប្រតិបត្តិការក្នុងរោងចក្រនៅប្រទេសជប៉ុន ត្រូវបានកាត់បន្ថយ។

ជម្រាបជូនផងដែរថា ចំពោះតួ​លេខ​ផលិត និង​ការលក់នេះ ​ក៏ត្រូវបាន​រាប់​បញ្ចូល​ទាំង​ម៉ាក​យីហោ​ប្រណីត​របស់ Toyota គឺ Lexus ផងដែរ៕