បិតាវិនិយោគ Warren Buffett បន្តបរិច្ចាគជាង ៦ពាន់លានដុល្លារ ទៅអង្គការសប្បុរសធម៌ 

អន្តរជាតិ

មហាសេដ្ឋីលំដាប់កំពូលរបស់ពិភពលោក ឬត្រូវបានស្គាល់ថាជាបិតាវិនិយោគ លោក Warren Buffett ថ្មីៗនេះ ទើបតែបានបរិច្ចាគភាគហ៊ុនរបស់ខ្លួន នៅក្នុងក្រុមហ៊ុន Berkshire Hathaway ដែលមានតម្លៃសរុបប្រមាណជាង ៦ពាន់លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ជាច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី២៧ ខែមិថុនា លោក Buffett បានផ្ទេរភាគហ៊ុន Berkshire Class B ក្នុងចំនួនប្រហែល ១២,៣៦ លានហ៊ុន។ ក្នុងចំណោមនោះ ភាគហ៊ុនចំនួន ៩,៤៣ លានហ៊ុន ត្រូវបានបរិច្ចាគទៅកាន់មូលនិធិសប្បុរសធម៌ Gates Foundation ខណ:ភាគហ៊ុនចំនួន ៩៤៣ ០០០ ហ៊ុន ត្រូវបានផ្តល់ជូនទៅកាន់មូលនិធិ Susan Thompson Buffett និងមូលនិធិ ដែលគ្រប់គ្រងដោយកូនៗទាំងបីរបស់លោក ទទួលបានច្រើនជាង ៦៦០ ​០០០ ហ៊ុន ក្នុងម្នាក់ៗ។ 

គួរឲ្យដឹងផងដែរថា នេះជាការបរិច្ចាគដ៏ធំបំផុតរបស់លោក Buffett ពោលគឺចាប់តាំងពីលោកបានចាប់ផ្តើមបែងចែកទ្រព្យសម្បត្តិរបស់ខ្លួន ទៅកាន់អង្គការសប្បុរធម៌នានា ចាប់តាំងពីជិត ២ ​ទសវត្ស​មុន។ គិតមកទល់ពេលនេះ លោក   Buffett  បានបរិច្ចាគទឹកប្រាក់សរុបរបស់ខ្លួនទៅកាន់អង្គការសប្បុរសធម៌ ក្នុងចំនួនជាង ៦០ពាន់លានដុល្លារ រួចមកហើយ។ 

ជម្រាបជូនថា លោក Buffett នៅតែបន្តកាន់កាប់ភាគហ៊ុនចំនួន ១៣,៨% នៅក្នុងក្រុមហ៊ុន Berkshire។ មុនពេលបរិច្ចាគ លោកមានទ្រព្យសម្បត្តិសរុបចំនួន ១៥២ពាន់លានដុល្លារ និងជាប់ឈ្មោះជាមហាសេដ្ឋីមានដាច់គេទី០៥ នៅលើលោក។ នេះបើតាមការចុះផ្សាយពីទស្សនាវដ្តី Forbes៕