យោងតាមការស្ទង់មតិប្រចាំត្រីមាសដោយវិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍ (Nida Poll) បានបង្ហាញឲ្យដឹងថា ប្រជាប្រិយភាពរបស់លោកស្រី Paetongtarn Shinawatra បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែអ្នកចូលរួមនៅក្នុងការស្ទង់មតិភាគច្រើន បានបានទុកមេដឹកនាំបក្សប្រឆាំង ជាជម្រើសដ៏ស័ក្តិសមបំផុត សម្រាប់តំណែងជានាយករដ្ឋមន្ត្រីថ្មី និងគណបក្សដែលពួកគេចូលចិត្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
កាលពីពេលថ្មីនេះ Nida Poll បានធថ្វើការស្ទង់មតិលើមនុស្សចំនួន ២ ០០០ នាក់ នៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមិថុនា ហើយបានរកឃើញថាមេដឹកនាំបក្សប្រឆាំង និងជាប្រធានគណបក្សប្រជាជន គឺលោក Natthaphong Ruengpanyawut បានលេចចេញជាបេក្ខជនដែលពេញចិត្តបំផុត សម្រាប់តំណែងនាយករដ្ឋមន្ត្រីថៃថ្មី។
ការគាំទ្ររបស់អ្នកស្ទង់មតិចំពោះលោក Natthaphong និងបក្សរបស់លោក មានចំនួនច្រើនជាងឆ្ងាយ បើធៀបទៅនឹងបក្សភឿថៃដែលកំពុងកាន់អំណាច និងមេដឹកនាំបក្សរបស់ខ្លួន គឺនាយករដ្ឋមន្ត្រីលោកស្រី Paetongtarn ។
គួរឲ្យដឹងទៀតផងដែរថា ការស្ទង់មតិនៅចន្លោះថ្ងៃទី១៩ ដល់ថ្ងៃ២៥ ខែមិថុនា បានរកឃើញថា ប្រជាប្រិយភាពរបស់លោក ស្រី Paetongtarn បានធ្លាក់ចុះមកត្រឹម ៩,២០% ដោយធ្លាក់ចុះពី ៣០,៩% នៅក្នុងត្រីមាសទីមួយ ។
យ៉ាងណាមិញ ក្នុងចំណោមស្ទង់មតិទាំងអស់ មាន ៣១,៤៨% ចង់ឲ្យលោក Natthaphong ធ្វើជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដោយសារលោកជាយុវជនជំនាន់ក្រោយ មានភាពក្លាហានក្នុងការបញ្ចេញមតិ និងជំហរនយោបាយ ហើយបង្ហាញគំនិតច្បាស់លាស់ និងទំនើប។
ដោយឡែក សម្រាប់អ្នកស្ទង់មតិចំនួន ១៩,៨៨% បាននិយាយថា ពួកគេមិនបានមើលឃើញថាបេក្ខភាពនាយករដ្ឋមន្ត្រីណាមួយដែលស័ក្តិសមនោះឡើយ។ ហើយសម្រាប់អ្នកស្ទង់មតិចំនួន ១២,៧២% ផ្សេងទៀត បានចាត់ទុកឧត្តមសេនីយ៍ លោក Prayut Chan-o-cha ជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់តំណែងនាយករដ្ឋមន្ត្រី។ បច្ចុប្នន្នលោក Prayut គឺជាទីប្រឹក្សាឯកជន ជាអតីតនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីការពារជាតិ។ លោកគឺជាបេក្ខភាពនាយករដ្ឋមន្ត្រី មកពីគណបក្ស United Thai Nation (UTN)។
សម្រាប់ជម្រើសដែលទទួលបានការគាំទ្រច្រើនបំផុតទី៤ គឺមេដឹកនាំគណបក្សប្រឆាំង Bhumjaithai លោក Anutin Charnvirakul ដែលទទួលបានសំឡេងគាំទ្រ ៩,៦៤%% បន្ទាប់មកគឺនាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាច លោកស្រី Paetongtarn ដោយមានអ្នកគាំទ្រ ៩,២០% ។
ជម្រាបជូនផងដែរថា លោកស្រី Paetongtarn បានទទួលរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីការបែកធ្លាយវីដេអូឃ្លីប នៃការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន កាលពីដើមខែនេះ៕