ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានបញ្ចេញដាក់លក់ទឹកអប់ថ្មីមួយប្រភេទឈ្មោះថា “ជ័យជម្នះ” ជាមួយរូបរាងដបត្រូវបានបានរចនាឡើងយ៉ាងពិសេស និងថែមទាំងមានហត្ថលេខារបស់លោក ត្រាំ ផងដែរ ដែលត្រូវបានដាក់លក់នៅក្នុងតម្លៃ ២៤៩ដុល្លារ សម្រាប់ចំណុះ ១០០ មីលីលីត្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Theo Huffington Post។
លោក ត្រាំ បានណែនាំទឹកអប់ថ្មីនេះ នៅលើបណ្តាញសង្គម Truth Social របស់ខ្លួន ដោយសរសេរថា៖” ទឹកអប់ Trump បានមកដល់ហើយ! វាមានឈ្មោះថា ’Victory 45-47′ តំណាងឲ្យជ័យជំនះ កម្លាំង និងជោគជ័យ ទាំងបុរស និងស្ត្រី”។
គួរឲ្យដឹងថា ទឹកអប់ថ្មីនេះ មានជម្រើសទាំងសម្រាប់បុរស និងនារី ដែលត្រូវបានដាក់លក់នៅក្នុងតម្លៃ ២៤៩ដុល្លារ សម្រាប់ដបមានចំណុះ ១០០ មីលីលីត្រ និងបញ្ចុះតម្លៃ ៥០% សម្រាប់ការបញ្ជាទិញចាប់ពី ២ ដបឡើងទៅ។
យ៉ាងណាមិញ ជុំវិញការដាក់ឈ្មោះទឹកអប់ ’Victory 45-47′ នេះ គឺតំណាងឲ្យអាណត្តិប្រធានាធិបតីទាំងពីរលើករបស់លោក ត្រាំ ហើយអ្វីកាន់តែពិសេសនោះ គឺដបទឹកអប់ ត្រូវបានរចនាឡើងជាមួយរូបរាងរបស់លោក ត្រាំ ស្រោបដោយពណ៌មួយតួខ្លួនតែម្តង ជាមួយនឹងការចុះហត្ថលេខាផ្ទាល់របស់លោក ផងដែរ។
ជម្រាបជូនថា លោក ត្រាំ បានចាប់ផ្តើមលក់ផលិតផលជាច្រើនដែលមានម៉ាកសញ្ញាផ្ទាល់ខ្លួនរបស់លោក។ ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Trump Fragrances របស់លោក ក៏បានបញ្ចេញដាក់លក់ស្បែកជើងTrump Sneakers និង Bibles ក៏ដូចជាទឹកអប់ដែលបង្ហាញពីលោក ត្រាំ លើកដៃជាសញ្ញា និងភ្ជាប់មកជាមួយពាក្យថា “ប្រយុទ្ធ ប្រយុទ្ធ ប្រយុទ្ធ” ដែលសំដៅទៅលើការប៉ុនប៉ងធ្វើឃាតលោក ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៤ កន្លងទៅផងដែរ៕