Barron Trump ដែលជាកូនប្រុសពៅរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថាអាចរកបានប្រាក់ចំណូលជិត ៤០លានដុល្លារ ពីការបណ្តាក់ទុនលើវិស័យកាក់គ្រីបតូ របស់គ្រួសារ។
តាមការចុះផ្សាយពីទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា Barron អាចរកបានចំណូលបាន ២៥លានដុល្លារ បន្ទាប់ពីបង់ពន្ធរួច បន្ទាប់ពីគេបានបណ្តាក់ទុននៅក្រុមហ៊ុន World Liberty Financial ដែលជាក្រុមហ៊ុនផ្តោតរកស៊ីលើវិស័យរូបិយប័ណ្ណឌីជីថល ដែលបង្កើតដោយក្រុមគ្រួសារត្រកូល Trump កាលពីឆ្នាំមុន។
គួរឲ្យដឹងថា ចាប់តាំងពីការប្រកាសបង្កើតកាក់គ្រីបតូថ្មីមក លោក ត្រាំ ផ្ទាល់ត្រូវបានគេប៉ាន់ប្រមាណថា អាចរកប្រាក់ចំណូលបានប្រហែល ១ពាន់លានដុល្លាររួចមកហើយ តាមរយ:សកម្មភាពពាក់ព័ន្ធទៅនឹងវិស័យគ្រីបតូនេះ។
ជម្រាបជូនថា Barron ត្រូវបានចុះបញ្ជីជាសហស្ថាបនិកនៃក្រុមហ៊ុន World Liberty Financial រួមជាមួយឪពុករបស់ខ្លួន លោក ដូណាល់ ត្រាំ និងបងប្រុស Eric Trump ។ បើតាម Forbes បានប៉ាន់ប្រមាណថា Barron ទំនងជាមានភាគហ៊ុន ៧,៥% នៅក្នុងក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋ Delaware មួយនេះ៕