យោងតាមរបាយការណ៍ថ្មីចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា ទីក្រុងហុងកុងនៅតែបន្តមានតម្លៃផ្ទះថ្លៃជាងគេបំផុតលើពិភពលោក ដោយវ៉ាដាច់ទីក្រុង Zurich និងសិង្ហបុរី បើទោះបីជាតម្លៃផ្ទះបានធ្លាក់ចុះអស់ ២០% គិតចាប់តាំងពីឆ្នាំ២០២០ មកក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
យោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវ Mapping the World’s Pricesនៃធនាគារហូឡង់ បានបង្ហាញឲ្យដឹងថា តម្លៃផ្ទះជាមធ្យមនៅទីក្រុងហុងកុង មានតម្លៃ ២៥ ៩៤៦ដុល្លារក្នុងមួយម៉ែត្រការ៉េ ពោលគឺបានធ្លាក់ចុះពី ៣១ ៩៤៣ដុល្លារ នៅឆ្នាំ២០២០។
ជាមួយគ្នានេះ សម្រាប់តម្លៃជាមធ្យមនៅទីក្រុង Zurich និងសិង្ហបុរី ដែលត្រូវបានចាត់ទុកថាជាទីក្រុងកំពុងមានភាពរីកចម្រើនខ្លាំងវិញ មានតម្លៃផ្ទះជាមធ្យម ២៣ ៩៣៨ដុល្លារ និង ២២ ៩៥៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
ជម្រាបជូនផងដែរថា ខណ:ពេលដែលហុងកុង ជាប់ជាទីក្រុងមានតម្លៃផ្ទះលក់ថ្លៃជាងគេបំផុតនៅលើពិភពលោក ទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកវិញ ឈរកំពូលតារាងនាមជាទីក្រុងមានតម្លៃផ្ទះជួលថ្លៃបំផុតលើលោក ដោយផ្ទះដែលមានបន្ទប់គេង ៣ មានតម្លៃជួលជាមធ្យម ៨ ៣៨៨ដុល្លារ ក្នុងមួយខែ។ ហុងកុង ជាប់ចំណាត់ថ្នាក់លេខ៧ ដែលមានតម្លៃជួលផ្ទះថ្លៃបំផុត ប្រមាណ ៤ ៨០៧ដុល្លារ ក្នុងមួយខែ ៕