យោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក (NHTSA) បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន Nissan កំពុងប្រមូលរថយន្តចំនួន ៤៤៣ ៨៩៩ គ្រឿង នៅក្នុងសហរដ្ឋអាមេរិក មកជួសជុលវិញ ដោយសារបញ្ហាម៉ាស៊ីន ដែលអាចបង្ករឲ្យកើតមានគ្រោះថ្នាក់ ក្នុងអំឡុងពេលបើកបរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញការប្រមូលត្រលប់មកវិញរបស់ក្រុមហ៊ុន Nissan សារនេះ នឹងត្រូវប៉ះពាល់ដល់ម៉ូដែលមួយចំនួនរួមមាន Nissan Nissan Rogue, Altima និងម៉ូដែលប្រណីត Infiniti QX50 និង QX55 ផងដែរ។
យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃពុធនេះ NHTSA បាននិយាយថា បញ្ហាដែលរកឃើញនេះ អាចនឹងបណ្តាលឲ្យម៉ាស៊ីនរថយន្តបញ្ឈប់ដំណើរការភ្លាមៗ នៅពេលកំពុងបើកបរ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Nissan បានសន្យាថានឹងផ្តល់ជូនការត្រួតពិនិត្យ និងជួសជុលរថយន្តដែលរងផលប៉ះពាល់នេះ ដោយឥតគិតថ្លៃ។
ជម្រាបជូនផងដែរថា នេះជាការប្រមូលរថយន្តដ៏ច្រើនបំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុនខ្នាតយក្សជប៉ុន នៅក្នុងឆ្នាំនេះ ហើយវាបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងទៅលើកម្រិតសុវត្ថិភាពដែលទាក់ទងទៅនឹងម៉ាស៊ីន សម្រាប់គ្រប់ម៉ូដែលរបស់ Nissan ជាច្រើន៕