ទីបំផុត វៀតណាម សម្រេចការចរចាពន្ធគយជាមួយសហរដ្ឋអាមេរិក ដោយទម្លាក់មកនៅត្រឹម ២០%

អន្តរជាតិ

យោងតាមប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានប្រកាសឲ្យដឹងកាលពីថ្ងៃពុធកន្លងទៅថា សហរដ្ឋអាមេរិក បានសម្រេចដាក់ពន្ធទាបជាងការសន្យា ពោលគឺមកនៅត្រឹម ២០% លើទំនិញជាច្រើនរបស់ប្រទេសវៀតណាម មុនពេលផែនការពន្ធគយទៅវិញទៅមករបស់ប្រធានាធិបតីអាមេរិក ត្រលប់មកវិញសារជាថ្មី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានបន្ថែមឲ្យដឹងទៀតថា ទំនិញរបស់វៀតណាមភាគច្រើននឹងត្រូវជាប់ពន្ធ ២០% ហើយការនាំចេញទំនិញរបស់ប្រទេសដទៃតាមរយ:វៀតណាម នឹងត្រូវប្រឈមមុខទៅនឹងការជាប់ពន្ធ ៤០%។ លោកប្រធានាធិបតី ក៏បានសង្កត់ធ្ងន់ផងដែរថា វៀតណាម អាចនាំចូលផលិតផលអាមេរិក ជាមួយនឹងអត្រាពន្ធគយ​ ០% ។

គួរឲ្យដឹងផងដែរថា លោក ត្រាំ បានប្រកាសដាក់ចេញពន្ធគយទៅវិញទៅមក កាលពីដើមខែមេសា ដោយកំណត់ឲ្យចូលជាធរមាននៅថ្ងៃទី៩ ខែដដែលនោះ ប៉ុន្តែក្រោយមកលោកបានសម្រេចចិត្តធ្វើការពន្យារពេលវិញ រហូតដល់ទៅ ៩០ថ្ងៃ ដើម្បីទុកពេលសម្រាប់ការចរចា។

ជម្រាបជូនថា ដំបូងឡើយ វៀតណាម ត្រូវជាប់ពន្ធគយរហូតដល់ទៅ ៤៦% ឯណោះ ខណ:រដ្ឋាភិបាលវៀតណាម បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្វែងរកការចរចាទម្លាក់ពន្ធគយនេះវិញ ដោយសារតែសហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏បំផុតមួយរបស់ខ្លួន ដោយបង្កើតបានជាអតិរេកពាណិជ្ជកម្មរហូតដល់ទៅជាង ១២៣ពាន់លានដុល្លារ កាលពីឆ្នាំមុន៕